32.5 C
Phnom Penh

លោក គឹម សុខ៖ លោក ហ៊ុន ម៉ានី បញ្ជា​ឱ្យ​គ្រូបង្រៀន​ស្រង់​ឈ្មោះ​សិស្ស​ព្រម​ចូល “សសយក” បញ្ជូន​ទៅ​ក្រសួង​អប់រំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក គឹម សុខ ថា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី បញ្ជា​ឱ្យ​លោកគ្រូ​អ្នកគ្រូ​តាម​សាលា​វិទ្យាល័យ​មួយ​ចំនួន​ស្រង់​ឈ្មោះ​សិស្ស​ដែល​ព្រម​ចូល​ជា​សមាជិក​សហជីព​របស់​ខ្លួន ដើម្បី​បញ្ជូន​ទៅ​ក្រសួង​អប់រំ ជួយ​សម្រួល​លទ្ធផល​នៃ​ការ​ប្រឡង។ មតិ​ខ្លះ​ថា​វិធី​នេះ​ឆ្លុះបញ្ចាំង​អំពី​ល្បិច​ទុច្ចរិត។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​ខ្សែ​វីដេអូ​ជិត ៥​នាទី​មុន​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មួយ​ថ្ងៃ​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​លោកគ្រូ​អ្នកគ្រូ​តាម​សាលា​វិទ្យាល័យ​មួយ​ចំនួន​ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន ដោយ​អះអាង​ថា លោក ហ៊ុន ម៉ានី បាន​បង្ខំ​ឱ្យ​ពួកគេ​ស្រង់​ឈ្មោះ​សិស្ស​ដែល​ជា​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ជា​សហជីព​មួយ និង​សិស្ស​ដែល​បារម្ភ​ខ្លាច​ធ្លាក់​ពី​ការ​ប្រឡង​នេះ ហើយ​ព្រម​ចូល​ជា​សមាជិក​របស់​ខ្លួន ត្រូវ​បញ្ជូន​ឈ្មោះ​ពួកគេ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាបន្ទាន់​ឱ្យ​បាន​មុន​ការ​ប្រឡង​មក​ដល់ ដើម្បី​ឱ្យ​ក្រសួង​ចាត់ចែង​លទ្ធផល ប្រសិនបើ​អ្នក​ទាំងនោះ​ធ្លាក់​ពី​ការ​ប្រឡង​នេះ។

លោក គឹម សុខ រិះគន់​ថា ប្រសិនបើ​លោក ហ៊ុន ម៉ានី ប្រើ​វិធី​បែប​នេះ​ដើម្បី​ប្រមូល​កម្លាំង​យុវជន​ចងក្រង​ជា​កម្លាំង​នយោបាយ​របស់​ខ្លួន​មែន​នោះ គឺជា​វិធី​ដ៏​អសីលធម៌​បំផុត ព្រោះ​ទង្វើ​នេះ​គឺជា​កត្តា​ដែល​នាំ​ទៅ​រក​ការ​បំផ្លាញ​ធនធាន​មនុស្ស និង​ជា​ការ​បំផ្លាញ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដែល​នឹង​ឈាន​ទៅ​រក​ការ​បំផ្លាញ​ប្រទេស​ជាតិ​ទាំងមូល​នៅ​ថ្ងៃ​អនាគត​តែម្តង។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ប្រទេស​ជាតិ​មួយ​ដែល​រឹងមាំ គឺជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ពេញលេញ ជាពិសេស​ធនធាន​មនុស្ស​ដែល​ពោរពេញ​ដោយ​ចំណេះដឹង ឆ្លងកាត់​នូវ​ការ​ប្រឡង​ដោយ​សមត្ថភាព​របស់​ខ្លួន​ដែល​បាន​ទទួល​បាន​នូវ​ការ​បណ្តុះបណ្តាល​ដោយ​ពិតប្រាកដ ខណៈ​ធនធាន​មនុស្ស​ដែល​ទទួល​បាន​លទ្ធផល​ល្អ​តាមរយៈ​សែស្រឡាយ​បក្ខពួក គឺជា​ធនធាន​ដែល​បំផ្លាញ​ជាតិ​ប៉ុណ្ណោះ ពីព្រោះ​ពួកគេ​គ្មាន​សមត្ថភាព​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ​ឡើយ។

នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ានី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​បដិសេធ​ដាច់អហង្ការ​ថា លោក​មិន​បាន​បញ្ជា​ឱ្យ​រៀបចំ​បញ្ជី​រាយនាម​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ផ្ញើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា នោះ​ឡើយ។

លោក ហ៊ុន ម៉ានី បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​មួយ​រូប​ក៏​ចង់​ឃើញ​ការ​រៀបចំ​ការ​ប្រឡង​បាក់ឌុប​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ខ្ពស់​ដែរ ហើយ​លោក​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិន​មាន​ការ​ប្រព្រឹត្ត​ខុសឆ្គង​ណា​មួយ​បំពាន​ទៅ​លើ​ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ពាក់ព័ន្ធ​ការ​ប្រឡង​បាក់ឌុប​នេះ។

ដំណើរការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣ បាន​ចាប់ផ្តើម​ដំណើរការ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​បេក្ខជន​ប្រឡង​ចំនួន​ជាង ១២​ម៉ឺន ៨​ពាន់​នាក់ មណ្ឌល​ប្រឡង​ចំនួន ២២១​មណ្ឌល ស្មើ​នឹង ៥១៧៤​បន្ទប់ និង​គណៈកម្មការ​នានា​សរុប​ជាង ២​ម៉ឺន ៧​ពាន់​នាក់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ជាមួយ​លោក ហ៊ុន ម៉ានី នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្សានុសិស្ស​គោរព​វិន័យ​បាន​ល្អ​ដោយ​គ្មាន​ការ​លួចលាក់​សំណៅ ឬ​ប្រ៊ុយយ៉ុង​ឡើយ ប៉ុន្តែ​ក្នុង​ករណី​រក​ឃើញ​ថា​បេក្ខជន​ណា​ម្នាក់​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទប្បញ្ញត្តិ និង​កម្រិត​វិន័យ ពួកគេ​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ ធ្នូ នេះ​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឬ ស.ស.យ.ក មិន​ជាប់​ពាក់ព័ន្ធ​អ្វី​សូម្បីតែ​បន្តិច​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ផ្ទុយទៅវិញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នេះ គឺជា​អង្គការ​ចាត់តាំង​មួយ​ចំណុះ​ឲ្យ​គណបក្ស​កាន់​អំណាច​ទៅ​ទៀត តែ​បែរ​ជា​យក​មក​ប្រើប្រាស់​ក្នុង​សេវា​នៃ​វិស័យ​អប់រំ​ទៅវិញ។

លោក ហ៊ុន កុសល លើកឡើង​ថា ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​តែងតែ​ប្រើ​ប្រព័ន្ធ​កុម្មុយនីស្ត​ដឹកនាំ​ស្ថាប័ន​ជាតិ​គ្រប់​ទម្រង់​ទាំងអស់ ដែល​ពួកគេ​បាន​យក​ស្ថាប័ន​រដ្ឋ​ជា​កន្លែង​រៀបចំ​អង្គការ​ចាត់តាំង​កម្លាំង​នយោបាយ​គណបក្ស​គ្របដណ្ដប់​លើ​ស្ថាប័ន​ជាតិ ដែល​មិន​ចំណុះ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស