42.2 C
Phnom Penh

លោក ស ខេង មិន​គាំទ្រ​ឱ្យ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​ត្រឹមតែ​បង់​សំណង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា​កំពុង​តាមដាន​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ និង​មិន​គាំទ្រ​ឲ្យ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ដល់​អ្នក​ដទៃ ហើយ​បញ្ចប់​បញ្ហា​ដោយ​ការ​បង់​ប្រាក់​សំណង​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ។

ថ្លែង​ក្រោយ​បិទ​បញ្ចប់​ទិវា​អន្តរជាតិ​រំឭក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៧ ប្រារព្ធ​នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៧ ធ្នូ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា លោក​កំពុង​តាមដាន​លើ​ករណី​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ដល់​អ្នក​ដទៃ ហើយ​បញ្ចប់​បញ្ហា​ដោយ​ការ​បង់​ប្រាក់​សំណង។

លោក ស ខេង ឆ្លើយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដោយ​អះអាង​ថា លោក​គិត​ថា​មិនមែន​ជា​រឿង​ទូទៅ​ទេ កន្លែង​ខ្លះ​ជា​បុគ្គល។ លោក​ក៏​ចង់​ដឹង​ព័ត៌មាន​ជាក់លាក់​ដើម្បី​ចាត់​វិធានការ​ឱ្យ​បាន​សមស្រប​ដែរ។ លោក​មិន​គាំទ្រ​រឿង​អ៊ីចឹង​នោះ​ទេ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ កាលពី​ថ្ងៃទី​៥ ធ្នូ បណ្ដាល​ឲ្យ​មនុស្ស ៣​នាក់​រង​របួស​ធ្ងន់ ពិសេស​កុមារ​មាន​អាយុ​ប្រមាណ ១​ខែ កំពុង​សង្គ្រោះ​បន្ទាន់។ ករណី​នេះ ភាគី​បង្ក​ហេតុ និង​ជនរងគ្រោះ​បាន​ព្រមព្រៀង​គ្នា​ដោះស្រាយ​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ ក្នុង​ទឹកប្រាក់ ២៥០០​ដុល្លារ។

ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​រៀបរាប់​លើ​ហ្វេសប៊ុក​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថា បុរស​បើកបរ​រថយន្ត​ទំនើប​នោះ​មាន​សារធាតុ​ស្រវឹង ដោយ​អត្រា​ជាតិ​អាល់កុល ០,៥៣Mg/L។ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឲ្យ​បុរស​បើក​ម៉ូតូ និង​ស្ត្រី​ជិះ​ពីក្រោយ រួម​ជាមួយ​កូន​តូច​មាន​របួស​ធ្ងន់ធ្ងរ ប៉ុន្តែ​ករណី​នេះ ភាគី​ទាំងអស់​ព្រមព្រៀង​គ្នា​បញ្ចប់​សំណង​រដ្ឋប្បវេណី​ក្នុង​ទឹកប្រាក់ ២៥០០​ដុល្លារ។ ជាមួយ​គ្នា​នេះ​ដែរ ជន​បង្ក​ហេតុ​បាន​រង​ការ​ពិន័យ ២​លាន​រៀល​ពី​បទ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។

តែ​យ៉ាងណា ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មិន​បញ្ចប់​ត្រឹម​នេះ​ឡើយ ទោះបីជា​មាន​ការ​បញ្ចប់​សំណង​រដ្ឋប្បវេណី​យ៉ាងណាក៏ដោយ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​នេះ​នៅ​ជាប់​បណ្តឹង​អាជ្ញា ហើយ​កម្លាំង​ជំនាញ​កំពុង​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

មាត្រា​៨៣ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ចែង​ថា ជន​ណា​បើកបរ​ធ្វេសប្រហែស ខ្ជីខ្ជា បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ ឬ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មិន​អាច​ធ្វើ​ការងារ​បាន​ក្នុង​រយៈពេល ៨​ថ្ងៃ​ឡើង​ទៅ នឹង​ត្រូវ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ បើ​ទោះបីជា​ជនរងគ្រោះ​ព្រមព្រៀង​ទទួល​សំណង​ហើយ​ក៏ដោយ។

លើស​ពី​នេះ ជន​បង្ក​ហេតុ​ក៏​អាច​នឹង​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ បើ​រក​ឃើញ​ថា​ជន​បង្ក​ហេតុ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង មាន​ជាតិ​អាល់កុល ០,៤០Mg/L ទៅ ០,៨០ Mg/L ឡើង​ទៅ ហើយ​បណ្ដាល​ឲ្យ​មាន​អ្នក​រងគ្រោះ​ច្រើន​នាក់ និង​បើក​រត់​គេច​ជាដើម។ ជាមួយ​គ្នា​នេះ បើ​តាម​ច្បាប់​ដដែល​ហាមឃាត់​ជន​បង្ក​ហេតុ​បើកបរ​រយៈពេល ៥​ឆ្នាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស