28.4 C
Phnom Penh

លោក ស ខេង កំណត់​កាតព្វកិច្ច​ឲ្យ​គ្រូបង្រៀន សិស្សានុសិស្ស​ត្រូវ​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី លោក ស ខេង កំណត់​កាតព្វកិច្ច​ឲ្យ​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​សិក្សា សិស្សានុសិស្ស ត្រូវ​ធ្វើ​តេស្ដ​រក​សារជាតិ​ញៀន​ជា​មុន​សិន មុន​នឹង​អាច​ចូល​បម្រើ​ការ និង​សិក្សា​ទាំង​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​តាម​សាលារៀន​មួយ​ចំនួន​ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ ថ្លែង​ថា ការ​ស្វែងរក​សារជាតិ​ញៀន គឺជា​កាតព្វកិច្ច មិនមែន​ជា​ការ​ភ្ញាក់​រឭក និង​មិន​មែន​ជា​ការ​អំពាវនាវ​នោះ​ទេ។

រហូត​មក​ទល់​ពេលនេះ លោក ស ខេង នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ថា តើ​សិស្សានុសិស្ស​ដែល​មាន​អាយុ​ចាប់ពី​ប៉ុន្មាន​ឆ្នាំ នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​សារជាតិ​គ្រឿងញៀន​នោះ។

លោក​ថា ជា​ជំហាន​ដំបូង​គ្រាន់តែ​អាច​លើក​ជា​ឧទាហរណ៍​ថា សិស្ស​មាន​អាយុ ១៣​ឆ្នាំ ឬ​មាន​អាយុ ១៥​ឆ្នាំ​ឡើង​ទៅ អាច​ចេះ​ប្រើ​គ្រឿងញៀន នឹង​ត្រូវ​ដាក់​កាតព្វកិច្ច​ឲ្យ​ធ្វើ​តេស្ដ​រក​សារជាតិ​ញៀន។ លោក​ថា ការ​កំណត់​អាយុ​នេះ នឹង​ត្រូវ​ពិភាក្សា​គ្នា​តាម​ការ​ជាក់ស្តែង​នា​ពេល​ខាងមុខ។

រដ្ឋមន្ត្រី​មហាផ្ទៃ​រូប​នេះ​បាន​រៀបរាប់​ថា ជន​គ្រប់​រូប​ដែល​ចង់​ចូល​បម្រើ​ការងារ​ដូច​នគរបាល យោធា កងរាជ​អាវុធហត្ថ មន្ត្រី​ស៊ីវិល សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មេ​ភូមិ គ្រូបង្រៀន បុគ្គលិក​សិក្សា អ្នក​បើក​រថយន្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​អ្នក​បើក​រថយន្ត​សាធារណៈ​របស់​រដ្ឋ ជាដើម ត្រូវតែ​ធ្វើ​តេស្ដ​រក​សារជាតិ​ញៀន​ជា​មុន​សិន។

លោក​ថា អ្នក​ទាំងនោះ​ត្រូវតែ​មាន​វិញ្ញាបនបត្រ ឬ​លិខិត​ដែល​បញ្ជាក់​ថា​គ្មាន​សារជាតិ​គ្រឿងញៀន។ បើ​រក​ឃើញ​ថា​មាន​សារជាតិ​គ្រឿងញៀន ពួកគេ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​បម្រើ​ការងារ​រដ្ឋ ឬ​ការងារ​ក្រុមហ៊ុន​ឯកជន​ឡើយ។

លោក ស ខេង អះអាង​ថា ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន នឹង​ត្រូវ​ចែង​ឲ្យ​មាន​ភាព​ទូលំទូលាយ​បន្ថែម​ទៀត ហើយ​ការ​កំណត់​ឲ្យ​មាន​កាតព្វកិច្ច​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន ដោយ​បូក​ទាំង​សិស្សានុសិស្ស​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​នេះ នឹង​ត្រូវ​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន។ លោក​ថា ការ​កំណត់​ពី​កាតព្វកិច្ច​ធ្វើ​តេស្ដ​រក​សារជាតិ​គ្រឿងញៀន​នេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​សង្គម និង​សុខភាព​សាធារណៈ។

កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ លោក ស ខេង ថ្លែង​ថា បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​ដែល​ជន​ខិលខូច​លួច​ប្រព្រឹត្ត​អំពើ​ល្មើស​គ្រឿងញៀន ហើយ​ដែល​វា​ជា​ជំងឺ​ក្នុង​សង្គម​ដ៏​សាហាវ​មួយ និង​ទៅ​ជា​ប្រពៃណី​ទៅ​ហើយ។ ករណី​នេះ​ក៏​លោក​អំពាវនាវ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ពលរដ្ឋ​ទាំងអស់ ត្រូវ​រួម​គ្នា​បង្ការ និង​ទប់ស្កាត់​បទល្មើស​នេះ​ឱ្យ​បាន​ជោគជ័យ ខណៈ​វិបត្តិ​គ្រឿងញៀន​នេះ​ក៏​ជា​ឫសគល់​ដែល​នាំ​ឲ្យ​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ​រហូត​ដល់​សព្វថ្ងៃ​ដែរ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន (UNODC) ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ ថា​កម្ពុជា​គឺជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ​បន្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស