42.2 C
Phnom Penh

លោក ហ៊ុន សែន ថា​អាស៊ាន​និង​អឺរ៉ុប​ត្រូវតែ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ខ្មែរ​ដែល​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស​ផ្តាច់​មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា អាស៊ាន និង​សហភាព​អឺរ៉ុប ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ធានា​សណ្ដាប់ធ្នាប់​អន្តរជាតិ​ផ្អែក​លើ​ច្បាប់​ប្រកប​ដោយ​ភាព​ជាក់លាក់ បើក​ចំហ តម្លាភាព និង​ការ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅមក។

បុរស​ខ្លាំង​កម្ពុជា​ដែល​ឧស្សាហ៍​រំលោភ​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ថា ទាំង​សហគមន៍​អឺរ៉ុប និង​អាស៊ាន ត្រូវតែ​មាន​ការ​ទទួល​ខុសត្រូវ​សម្រាប់​ការ​កសាង​សន្តិភាព ស្ថិរភាព និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​ផង​ដែរ។

ទោះជា​បែប​នេះ​ក្តី នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា លោក​អបអរ​សាទរ​ចំពោះ​កម្ពុជា​ដែល​ព្រួយបារម្ភ​ពី​ការ​រំលោភ​ច្បាប់ និង​គោលការណ៍​អន្តរជាតិ​របស់​ប្រទេស​មួយ​ចំនួន ជាក់ស្តែង​ដូចជា រុស្ស៊ី​រំលោភ​ច្បាប់​អន្តរជាតិ​ឈ្លានពាន​ទៅ​លើ​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ពេលនេះ ជាដើម។

លោក មឿន តុលា លើកឡើង​ថា ក្នុង​ន័យ​នេះ កម្ពុជា​ក៏​មិន​គួរ​សម្លឹង​មើល​តែ​មួយ​ជ្រុង​ដែល​រុស្ស៊ី​ប្រើ​អាវុធ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន ដោយ​បំពាន​គោលការណ៍​អន្តរជាតិ​នោះ​ដែរ ពីព្រោះ​មហាអំណាច​កុម្មុយនីស្ត​ចិន​នៅ​ពេលនេះ បាន​ប្រើ​លុយ​ជំនួស​អាវុធ​តាមរយៈ​នៃ​ការ​បង្កើត​អន្ទាក់​បំណុល​ទៅ​លើ​ប្រទេស​តូចៗ​ក្នុង​ចេតនា​រំលោភ​បំពាន​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ទាំងនោះ ក៏​ជា​ការ​រំលោភ​លើ​គោលការណ៍​អន្តរជាតិ​ទាក់ទិន​នឹង​សិទ្ធិមនុស្ស​ជា​សកល​ផង​ដែរ។

លោក​បន្ត​ថា កម្ពុជា​ក៏​គួរ​តែ​ងាក​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស និង​លើក​ស្ទួយ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ត្បិត​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ ត្រូវ​គេ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សហជីព សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ជាដើម។

កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន ១៣​ប្រទេស ដែល​មកពី​ប្រទេស​ហ្វាំងឡង់ ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ស៊ុយអែត ជាដើម បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ស្ហាល មីឈែល (Charles Michel) និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ លោក Josep Borrell ថា រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន ត្រូវតែ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ការ​រំលាយ​បក្ស​ប្រឆាំង និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ ជាដើម ដែល​កំពុង​បង្ក​ឱ្យ​កើត​មាន​នូវ​វិបត្តិ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស