30.4 C
Phnom Penh

គ.ជ.ប​នឹង​បិទ​ផ្សាយ​អ្នក​បាន​ចុះឈ្មោះ​និង​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប នឹង​បិទ​ផ្សាយ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​រួច​រាល់ និង​អ្នក​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៣ នៅ​តាម​សាលា​ឃុំ-សង្កាត់​ទូទាំង​ប្រទេស និង​លើ​គេហទំព័រ​របស់ គ.ជ.ប។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​នៅ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត មាន​គោលបំណង​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​ផ្សេងៗ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត ព្រមទាំង​អាច​សុំ​កែតម្រូវ​តាមរយៈ​នៃ​ការ​ប្តឹង​តវ៉ា ឬ​ការ​ប្តឹង​ជំទាស់​របស់​ពួកគេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អះអាង​ថា ជន​ណា​ក៏ដោយ​ក៏​មាន​សិទ្ធិ​ប្តឹង​តវ៉ា ឬ​ប្តឹង​ជំទាស់​ជា​លាយលក្ខណ៍​អក្សរ​បាន​ដែរ ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ទៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​រយៈពេល ១០​ថ្ងៃ​យ៉ាង​យូរ​បន្ទាប់ពី​ថ្ងៃ​បិទ​ផ្សាយ​នេះ។

គ.ជ.ប បញ្ជាក់​ថា ការ​ប្តឹង​ជំទាស់​អាច​ធ្វើឡើង​ចំពោះ​តែ​បុគ្គល​ណា​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ប៉ុណ្ណោះ ក្នុង​ករណី​ដែល​ជន​នោះ​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​ចំពោះ​ជន​ណា​ម្នាក់​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ច្រើន​ជាង​មួយ​កន្លែង។

ការ​ចេញ​សេចក្តី​ជូនដំណឹង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ដើម្បី​ឱ្យ​គ្រប់​លក្ខខណ្ឌ​សម្រាប់​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២១ មាន​ចំនួន​ជាង ៩​លាន ២​សែន​នាក់ ខណៈ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជាង ៥៧​ម៉ឺន​នាក់ ចំណែក​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​អ្នក​បោះឆ្នោត​មាន​ជាង ២៤​ម៉ឺន​នាក់ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់​ផ្សេង​ទៀត​មិន​បាន​ទៅ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​នោះ​ឡើយ។

គ.ជ.ប បញ្ជាក់​ថា ប្រព័ន្ធ​រៀបចំ​បញ្ជី​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា គឺជា​ប្រព័ន្ធ​ស្ម័គ្រ​ចិត្ត ហើយ​ការ​បោះឆ្នោត​ក៏​ជា​ការ​ធ្វើឡើង​ដោយ​ស្ម័គ្រ​ចិត្ត​ដែរ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​ទៅ​ចុះឈ្មោះ និង​មិន​ទៅ​បោះឆ្នោត គឺជា​សិទ្ធិ​របស់​ពួកគេ។

យ៉ាងណាក៏ដោយ គ.ជ.ប អះអាង​ថា ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០២១ កន្លង​ទៅ​ដល់​ទៅ​ជាង ២​ម៉ឺន​នាក់។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​រយៈពេល ៥​ឆ្នាំ​ម្តង។

ក្រុម​អ្នក​សង្កេតការណ៍​ត្អូញត្អែរ​ថា មាន​តែ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) ប៉ុណ្ណោះ​ដែល​មាន​តម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្រៅពី​នោះ​នៅ​អាណត្តិ​បន្តបន្ទាប់​មក​ទៀត គឺជា​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ​រហូត​មក ជាពិសេស​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បក្ស​កាន់​អំណាច​បាន​គ្រប់គ្រង​ដំណើរការ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស