28.4 C
Phnom Penh

មេដឹកនាំ​ថ្មី​ហ្វីលីពីន​មិន​ត្រូវ​ចិន​ទិញ​ឧត្តមគតិ​បាន​ដូច​លោក ឌូទើតេ និង​មេដឹកនាំ​អាស៊ាន​ខ្លះ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​ដែល​ទើប​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ បាន​ថ្លែង​ប្រាប់​ពិភពលោក​ថា លោក​ខ្វល់​ជា​ខ្លាំង​អំពី​មហិច្ឆតា​របស់​ចិន ដែល​នៅតែ​បំពាន់​ដែនទឹក​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​លោក​ថា​ចិន​មិន​បាន​បោះបង់​ចោល​គំនិត និង​សកម្មភាព​អនុត្តរភាព​នោះ​ទេ។

លោក Ferdinand Marcos Jr បាន​ថ្លែង​វាយប្រហារ​ចិន​ដូចនេះ​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ។ តែ​យ៉ាងណា លោក​មាន​ជំនឿ​ថា នឹង​មិន​មាន​ដំណោះស្រាយ​ដោយ​កម្លាំង​ទ័ព​នោះ​ទេ​នូវ​ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន ក្នុង​ករណី​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។ លោក​ថ្លែង​បន្ត​ថា ដោយសារតែ​រឿង​នេះ​នាំ​ឱ្យ​លោក​ខ្វល់ខ្វាយ​ជា​ខ្លាំង។

តាម​ការ​ធ្វើ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia លោក Marcos Jr បាន​បញ្ជាក់​ថា ស្ថានភាព​បាន​ធ្វើ​ឱ្យ​លោក​ដេក​មិន​លក់ ដោយ​មិន​ថា​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ​នោះ​ទេ។ លោក​ថា ហ្វីលីពីន​មិន​មាន​ជម្លោះ​ទាមទារ​ទឹកដី​របស់​ចិន​ទេ តែ​អ្វី​ដែល​ជា​បញ្ហា​សម្រាប់​ហ្វីលីពីន គឺ​ចិន​កំពុង​ធ្វើការ​ទាមទារ និង​រំលោភ​លើ​ដែនទឹក​របស់​ហ្វីលីពីន។

ប្រធានាធិបតី​ហ្វីលីពីន​រូប​នេះ​បន្ថែម​ទៀត​ថា គោលនយោបាយ​នៃ​ប្រទេស​របស់​លោក​នៅតែ​មាន​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​សន្តិភាព ហើយ​ដែល​ការ​លើកឡើង​នេះ​គាំទ្រ​ដល់​ការ​សន្យា​របស់​លោក Marcos Jr និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ដែល​ថា​នឹង​ដោះស្រាយ​បញ្ហា និង​ការ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី និង​ការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​មិត្តភាព។

លោក Marcos Jr គឺជា​កូន​របស់​មេដឹកនាំ​ផ្ដាច់ការ Ferdinand Marcos។ លោក​បាន​ថ្លែង​ថា ការ​ឈ្លានពាន​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន បាន​នាំ​ឱ្យ​ពិភពលោក​ជួប​ផលវិបាក​ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀង ដែល​លោក​ថា​ប្រទេស​ធំ​ណា​មួយ​ឈ្លានពាន​ប្រទេស​តូច ទន់ខ្សោយ គឺ​សម័យ​នេះ​ហួស​ពេល​ទៅ​ហើយ។

លោក​កត់សម្គាល់​ថា ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពេល​នេះ​កំពុងតែ​រត់​ប្រណាំង​សព្វាវុធ និង​ប្រជែង​កម្លាំង​យោធា។

លោក​ព្រមាន​ថា បើ​មាន​សង្គ្រាម​ដោយសារតែ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ស្ថានភាព​ពិភពលោក​អាក្រក់​ជាង​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ទៅ​ទៀត។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ថា នៅ​ពេល​លោក​ទៅ​ទីក្រុង​ប៉េកាំង កាលពី​ដើម​ខែ​មករា នេះ ហើយ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង តើ​លោក​បាន​លើកឡើង​អំពី​ដែនទឹក​របស់​ហ្វីលីពីន នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​បាន​បំពាន​ដែរ​ឬ​ទេ?

ពេល​នោះ លោក Marcos Jr បាន​ឆ្លើយ​ថា ជា​រឿង​សំខាន់​ណាស់​ដែល​លោក​មិន​ទុក​ឱកាស​នេះ​ឱ្យ​រំលង​នោះ​ទេ។ លោក​ថា ត្បិត​ហ្វីលីពីន​មាន​ភាព​ទន់ភ្លន់​មែន តែ​ក្រុង​ម៉ានីល មិន​ដែល​ផ្ដល់​ឱ្យ​ទឹកដី​របស់​ខ្លួន​ត្រូវ​ឱ្យ​គេ​រំលោភ ហើយ​កាត់​យក​ដោយ​ងាយៗ​នោះ​ទេ។

លោក​បញ្ជាក់​ទៀត​ថា ហ្វីលីពីន​មិនមែន​ជា​ប្រទេស​ដែល​មិន​ផ្ដេកផ្ដួល​នៅ​ក្រោម​ឥទ្ធិពល និង​សេដ្ឋកិច្ច​របស់​ប្រទេស​ណា​មួយ​ឡើយ រាប់​ទាំង​ចិន​ផង​ដែរ។

ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី សុទ្ធតែ​បាន​ទាមទារ​រៀងៗ​ខ្លួន​លើ​អធិបតេយ្យភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ជា​ទី​ដែល​បាន​អះអាង​ថា​ដែនទឹក​មាន​ជម្លោះ​មួយ​ភាគ​ធំ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​ភាគច្រើន​ពួកគេ​ថា​ចិន​គឺជា​មេ​គំនិត​បង្កើត​អនុត្តរភាព​យោធា​បំពាន​លើ​ដែនទឹក​របស់​ពួកគេ។

អ្វី​ជា​ការ​កត់សម្គាល់​នោះ លោក Marcos Jr ទំនង​បារម្ភ​ខ្លាំង​បន្ទាប់ពី​លោក ស៊ី ជីនពីង បាន​ប្រាប់​លោក​ផ្ទាល់​ថា ឆាប់ៗ​នេះ ចិន​នឹង​បញ្ជូន​គ្រឿងយន្ត និង​ការ​រុករក​ឧស្ម័ន និង​ប្រេងកាត​នៅ​ទីតាំង​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ក្នុង​នោះ​រាប់​ទាំង​តំបន់​ត្រួត​ស៊ី​គ្នា​នៃ​ដែនទឹក​ដែល​ហ្វីលីពីន​កំពុង​ទាមទារ​ពី​ចិន​មក​វិញ​ផង​ដែរ ទៅ​តាម​សាលក្រម​នៃ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ ដែល​ឲ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​ដែនទឹក និង​ដែន​កោះ​នៅ​ប្រជុំ​កោះ​ស្កាបូរ៉ូ ក្នុង​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី និង​ប៉ារ៉ាសេល។

ការ​លើកឡើង​របស់​លោក ស៊ី ជីនពីង នេះ​ហើយ​ដែល​នាំ​ឲ្យ​លោក Marcos Jr ថ្លែង​ប្រាប់​ពិភពលោក​អំពី​មហិច្ឆតា​របស់​ចិន នៅតែ​បំពាន​ដែនទឹក​អធិបតេយ្យ​ប្រទេស​ជិតខាង។

តែ​យ៉ាងណា អ្វី​ដែល​អ្នក​សារព័ត៌មាន និង​អ្នក​សង្កេតការណ៍​កត់សម្គាល់​នោះ គឺ​លោក Marcos Jr ពិត​ជា​មិន​ដូច​លោក ឌូទើតេ អតីត​ប្រធានាធិបតី​ដែល​លក់​ឧត្តមគតិ​ឲ្យ​ចិន រយៈពេល​ប្រាំ​ឆ្នាំ​ក្នុង​អាណត្តិ ៦​ឆ្នាំ​របស់​លោក ដែល​លោក ឌូទើតេ ទើប​តែ​ដឹង​ខ្លួន​នៅ​ឆ្នាំ​ទី​៦ ហើយ​ចាត់ទុក​ចិន​ជា​មិត្ត​ជិត​ផ្ទះ ហើយ​ក៏​ជា​ចោរ​ជិត​ផ្ទះ​ផង​ដែរ។

យ៉ាងណា ប្រទេស​ចំនួន​ពីរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មេដឹកនាំ​ប្រទេស​ពីរ​នោះ​ត្រូវ​គេ​មើល​ឃើញ​ថា​លក់​ឧត្តមគតិ​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ដែល​មាន​អំណាច​ក្នុង​តំបន់​ដូចជា​ចិន ជាដើម​នោះ រួម​មាន​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា និង​មេដឹកនាំ​ប្រទេស​ភូមា​បច្ចុប្បន្ន​ដែល​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ គឺ​មេដឹកនាំ​យោធា​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

អាស៊ាន​មាន ១០​ប្រទេស តែ​មាន​ប្រទេស​មួយ​ទៀត​ដែល​មេដឹកនាំ​ទោរទន់​ទៅ​រក​ចិន​ខ្លាំង​ដែរ​នោះ គឺ​ប្រទេស​ឡាវ តែ​មេដឹកនាំ​ប្រទេស​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា មិន​អាច​ស្ថិត​នៅ​ក្រោម​ចិន​ទាំងស្រុង​បាន​នោះ​ទេ ទោះ​កាលៈទេសៈ​ណា​ក៏ដោយ ព្រោះ​មេដឹកនាំ​ប្រទេស​នេះ​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម​ច្រើន​ជាង​ចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស