39.4 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ចាត់តាំង​ក្រុម​ការងារ​ត្រួតពិនិត្យ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ទូទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ ចាត់តាំង​ក្រុម​ការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ទូទាំង ២៥​រាជធានី-ខេត្ត ដើម្បី​បូក​សរុប​សភាពការណ៍​ទូទាំង​ប្រទេស​តាម​ដំណាក់កាល​នីមួយៗ​ជូន​រាជរដ្ឋាភិបាល ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ កាន់តែ​កៀក​ខិត​ជិត​មក​ដល់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​សេចក្តី​សម្រេច​ចាត់តាំង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​របស់​ក្រសួង​ជិត ១០០​នាក់ ជា​ក្រុម​ការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​រៀបចំ​គោលការណ៍ និង​វិធានការ​នានា​ក្នុង​ការ​អនុវត្ត​នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ​នៅ​ទូទាំង​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជាក់​ថា ក្រុម​ការងារ​ទាំងនេះ​មាន​ភារកិច្ច​ធ្វើការ​បូក​សរុប​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​ប្រតិបត្តិការ ព្រមទាំង​ចាត់​ចំណាត់ថ្នាក់​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រចាំ​ខែ​ជូន​ក្រសួង​មហាផ្ទៃ​ផង​ដែរ។ ជាង​នេះ​ទៀត រៀងរាល់ ៣​ខែ​ម្តង ពួកគេ​ត្រូវ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​ការងារ បញ្ហា​ប្រឈម និង​វិធានការ​ដោះស្រាយ​ដើម្បី​ពង្រឹង​បន្ថែម​ការ​អនុវត្ត​ការងារ​សម្រាប់​រយៈពេល​បន្ត​ទៀត។

ការ​ចេញ​សេចក្តី​សម្រេច​នេះ ធ្វើឡើង​ដើម្បី​កែសម្រួល​សមាសភាព​ក្រុម​ការងារ និង​ដើម្បី​ជំនួស​សេចក្តី​សម្រេច​ចាស់​របស់​ខ្លួន​ដែល​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​២០១០ ជុំវិញ​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ការ​សម្រេច​បង្កើត​នូវ​ក្រុម​ការងារ​នេះ​អាច​មកពី​មូលហេតុ​ចម្បង​មួយ គឺ​ដោយសារតែ​ក្រុម​ការងារ​ដែល​ក្រសួង​មហាផ្ទៃ​បង្កើត​ឡើង​កាលពី​មុន​ត្រូវ​បរាជ័យ​ក្នុង​ការ​អនុវត្ត ព្រោះ​កន្លងមក អំពើ​ជួញដូរ​មនុស្ស​ចេះតែ​កើតមាន​ជា​បន្តបន្ទាប់ ខណៈ​ល្បែង​ស៊ីសង​នៅ​មូលដ្ឋាន​ត្រូវ​បង្កើត​គណៈកម្មការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថែម​ទៀត ដែល​នេះ​ជា​ភស្តុតាង​មួយ​បង្ហាញ​ថា ក្រុម​ការងារ​ចាស់​អនុវត្ត​គោល​នយោបាយ​នេះ​គឺ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​អនុវត្ត​គោល​នយោបាយ​នេះ​នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​ក្រសួង​មហាផ្ទៃ​មិន​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​តួនាទី និង​ភារកិច្ច​របស់​អ្នក​ទាំងនោះ។ ជាង​នេះ ការ​កំណត់​ទោស​ទណ្ឌ ឬ​ការ​ដាក់​ពិន័យ​ណា​មួយ​នៅ​ពេល​ដែល​ពួកគេ​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ក៏​មិន​ត្រូវ​បាន​កំណត់​ដែរ​នោះ។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​រូប​នេះ អំពាវនាវ​ឱ្យ​ក្រសួង​មហាផ្ទៃ​ជំរុញ​ក្រុម​ការងារ​ដែល​ខ្លួន​បាន​បង្កើត​អនុវត្ត​នូវ​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រោះ​សព្វថ្ងៃ​នេះ ពលរដ្ឋ​នៅ​មូលដ្ឋាន​តែងតែ​រអ៊ូរទាំ​ពី​អំពើ​ចោរកម្ម ល្បែង​ស៊ីសង ការ​ចាប់​ជំរិត និង​ការ​ជួញដូរ​គ្រឿងញៀន ជាដើម។

គោល​នយោបាយ​កម្រាស់ ១០​ទំព័រ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ថា លក្ខណៈ​សម្បត្តិ​របស់​ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព គឺ​ត្រូវ​មាន ៧​ចំណុច ដូចជា៖

  1. ការ​ផ្តល់​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព តម្លាភាព និង​ជឿ​ទុកចិត្ត
  2. គ្មាន​បទល្មើស​លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែង​ស៊ីសង និង​បទល្មើស​គ្រប់​ប្រភេទ
  3. មាន​សណ្ដាប់ធ្នាប់​ល្អ ពិសេស​មិន​មាន​គ្រោះថ្នាក់​ចរាចរណ៍
  4. គ្មាន​អំពើ​អនាចារ គ្មាន​ការ​ជួញដូរ​មនុស្ស គ្មាន​អំពើ​ហិង្សា និង​ក្មេង​ទំនើង
  5. ដោះស្រាយ​វិវាទ​នៅ​ថ្នាក់​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​ប្រសិទ្ធភាព
  6. មាន​អនាម័យ សោភណភាព និង​បរិស្ថាន​ល្អ។
  7. ឆ្លើយតប​បាន​ទាន់​ពេល​ចំពោះ​គ្រោះ​មហន្តរាយ និង​ជំងឺឆ្លង​ផ្សេងៗ។

យ៉ាងណាក៏ដោយ លក្ខណៈ​សម្បត្តិ​របស់​ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ទាំង ៧​ចំណុច​នេះ រដ្ឋាភិបាល​មិនទាន់​អាច​ធ្វើ​ឱ្យ​បាន​នូវ​ចំណុច​ណា​មួយ​នៅឡើយ ខណៈ​អំពើ​អនាចារ ការ​ជួញដូរ​មនុស្ស អំពើ​ហិង្សា ក្មេង​ទំនើង បទល្មើស​លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែង​ស៊ីសង​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅ​ទូទាំង​ប្រទេស​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស