29.6 C
Phnom Penh

គ.ជ.ប ប្រកាស​ទទួល​ពាក្យ​ចុះឈ្មោះ​សង្កេត​ការណ៍​បោះឆ្នោត​ដល់​អង្គភាព​សារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស​ចែក​ពាក្យ និង​ទទួល​ពាក្យ​ដល់​អង្គភាព​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​មាន​បំណង​យក​ព័ត៌មាន​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ស្រប​ពេល​ដែល​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​កំពុង​រង​ការ​គាប​សង្កត់​ធ្ងន់ធ្ងរ។

គ.ជ.ប ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា ខ្លួន​នឹង​ចែក​ពាក្យ និង​ទទួល​ពាក្យ​ពី​អង្គភាព​សារព័ត៌មាន​ដែល​មាន​បំណង​យក​ព័ត៌មាន​អំពី​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ នេះ ក្នុង​នោះ​សារព័ត៌មាន​ជាតិ​ចាប់ផ្តើម​ពី​ថ្ងៃទី​១ ខែ​មេសា ដល់​ថ្ងៃទី​១២ ខែ​កក្កដា ខណៈ​សារព័ត៌មាន​អន្តរជាតិ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១ ខែ​មេសា ដល់​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ទទួល​បាន​ប័ណ្ណ​សម្គាល់​ខ្លួន អង្គភាព​សារព័ត៌មាន​ត្រូវ​ដាក់​ពាក្យ​សុំ​ចុះឈ្មោះ​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់​នៅ គ.ជ.ប ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ច្បាប់​ចម្លង​ប្រកាស​អនុញ្ញាត​ដោយ​ក្រសួង លិខិត​ស្នើសុំ​ធ្វើ​ប័ណ្ណ​អ្នក​សារព័ត៌មាន គ.ជ.ប ពី​សាមី​អង្គភាព លិខិត​បញ្ជាក់​ប័ណ្ណ​អ្នក​សារព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន និង​ប្រវត្តិរូប​សង្ខេប ជាដើម។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ នេះ​ថា អង្គភាព​សារព័ត៌មាន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​សកម្មភាព​ចុះ​យក​ព័ត៌មាន គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង​ដោយ​មិន​ចាំបាច់​ស្នើសុំ​ការ​អនុញ្ញាត​ណា​មួយ​បន្ថែម​ទៀត​ទេ ព្រោះ​ថា​វា​ជា​មូលហេតុ​មួយ​ដែល​បង្កប់​នូវ​ការ​រឹតត្បិត​សេរីភាព​លើ​អ្នក​សារព័ត៌មាន ដោយសារ​មាន​ការ​កំណត់​ពី​ស្ថាប័ន​ដែល​ពួកគេ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នោះ។

លោក សេក សុជាតិ អះអាង​ថា ផ្ទុយទៅវិញ បើ​បាន​ជា​ផ្តល់​ប័ណ្ណ​អនុញ្ញាត​ឱ្យ​អង្គភាព​សារព័ត៌មាន​ណា​មួយ​មាន​សិទ្ធិ​ចុះ​យក​ព័ត៌មាន​អំឡុង​ពេល​បោះឆ្នោត​ទៅ​ហើយ​នោះ ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​ទទួលស្គាល់​នូវ​ការ​ចុះផ្សាយ​ណា​មួយ​របស់​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ណា​មួយ​បាន​កើតឡើង​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​រឹតត្បិត​នៅ​ពេលនេះ នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​បោះឆ្នោត​យ៉ាង​ខ្លាំង ដូច្នេះ​រដ្ឋាភិបាល​គួរ​ពិចារណា​បើក​លំហ​សេរីភាព​បញ្ចេញមតិ​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​មួយ​ដែល​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពី​ការ​ចូលរួម​សង្កេតការណ៍​របស់​អ្នក​សារព័ត៌មាន​ពី​គ្រប់​អង្គភាព ដោយ​គ្មាន​ការ​រើសអើង និង​ដោយ​គ្មាន​ការ​ភ័យខ្លាច​របស់​ពួកគេ​ពី​ការ​បំភិតបំភ័យ​ណា​មួយ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ គឺជា​ផែនការ​ប្លន់​លទ្ធផល​បោះឆ្នោត​របស់​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ មិនមែន​ជា​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ ព្រោះ​ថា​ដំណើរ​នៃ​ការ​បោះឆ្នោត​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន​ទៅ​ហើយ។

ប្រភព​ដដែល​អះអាង​ថា បញ្ហា​នេះ​គឺ​ដោយសារតែ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​គេ​ចាត់ទុក​ថា​ជា​អាជ្ញាកណ្ដាល ក៏​មកពី​បក្ស​កាន់​អំណាច និង​អង្គភាព​សារព័ត៌មាន​នានា​ក៏​ជា​អង្គភាព​ដែល​គាំទ្រ​បក្ស​កាន់​អំណាច ដូចជា​អង្គភាព​សារព័ត៌មាន FRESH NEWS ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ហង្សមាស និង​ទូរទស្សន៍​ជាតិ​កម្ពុជា ជាដើម ស្រប​ពេល​ដែល​អង្គភាព​ព័ត៌មាន​ឯករាជ្យ ត្រូវ​បាន​បិទ​ខ្ទប់ និង​ដក​អាជ្ញាប័ណ្ណ​ជា​បន្តបន្ទាប់ ខណៈ​សហគមន៍​អន្តរជាតិ​នឹង​មិន​ដាក់​អ្នក​សង្កេតការណ៍​ដើម្បី​តាមដាន​ការ​បោះឆ្នោត​នេះ​ថែម​ទៀត។

មាត្រា ១៥១​ថ្មី(ពីរ) នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ៖

  • ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល
  • ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល
  • និង ១​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

បច្ចុប្បន្ន​នេះ សមាសភាព​ទាំង ៩​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សុទ្ធសឹងតែ​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់ ក្នុង​នោះ​រួម​មាន​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន លោក នុត សុខុម ជា​អនុប្រធាន និង​លោក ហង្ស ពុទ្ធា ជា​សមាជិក ជាដើម។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដោយ​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​រយៈពេល ៥​ឆ្នាំ​ម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស