30.4 C
Phnom Penh

តើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​លើកដំបូង​របស់​លោក ហ្សេឡេនស្គី ឆ្លើយតប​នឹង​សង្គ្រាម​របស់​រុស្ស៊ី​ដូចម្ដេច?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បាន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​មេដឹកនាំ​នៅ​អឺរ៉ុប ដែល​ក្នុង​នោះ​លោក​បាន​ទៅកាន់​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។ ក្នុង​ទស្សនកិច្ច​របស់​មេដឹកនាំ​អ៊ុយក្រែន​នៅ​អង់គ្លេស លោក​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស រីហ្ស៊ី ស៊ូណាក់ និង​បាន​ទៅ​កាន់​សមាជិក​សភា​ទាំង​ពីរ​ថ្នាក់​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​ផង​ដែរ។

ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុង​ឡុងដ៍ លោក ហ្សេឡេនស្គី បាន​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ នៅ​ក្នុង​ទីក្រុង​ប៉ារីស លោក​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​បារាំង អេម៉ានូអេល ម៉ាក្រុង និង​បាន​ជួប​អធិការបតី​អាល្លឺម៉ង់ Olaf Scholz។ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប្រ៊ុចសែល ដើម្បី​ជួប​មេដឹកនាំ​សហភាព​អឺរ៉ុប និង​មេដឹកនាំ​ប្រទេស​នៃ​សហគមន៍​អឺរ៉ុប​ដ៏​ធំ​នេះ លោក​ចេញ​ដំណើរ​ពី​ក្រុង​ប៉ារីស ទៅ​ប្រ៊ុចសែល ត្រូវ​បាន​លោក ម៉ាក្រុង អម​ដំណើរ​លោក។

ទស្សនកិច្ច​លើក​ទី​២ នៅ​ក្រៅ​ប្រទេស​របស់​មេដឹកនាំ​ប្រទេស​មួយ​ដែល​រង​ការ​ឈ្លានពាន​ពី​ប្រទេស​មហាអំណាច​រុស្ស៊ី ត្រូវ​បាន​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក ហ្សេឡេនស្គី ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​អឺរ៉ុប។

តាម​ការ​ចុះផ្សាយ​ក្នុង​បណ្ដាញ​ព័ត៌មាន​អាល្លឺម៉ង់ DW លោក ហ្សេឡេនស្គី បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​សភា​អឺរ៉ុប​នោះ ដោយ​លោក​ប្រើ​ពាក្យ​ថា Glory to Ukraine ប្រែ​ថា​អ៊ុយក្រែន​ដ៏​រុងរឿង ហើយ​អរគុណ​សភា​អឺរ៉ុប​ដែល​កំពុង​តែ​បន្ត​គាំទ្រ​ប្រជាជន​អ៊ុយក្រែន ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព និង​ធ្វើ​សង្គ្រាម​ដើម្បី​អធិបតេយ្យ​ជាតិ​នៃ​ទឹកដី​អ៊ុយក្រែន​ចំពោះ​ការ​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។

លោក​បាន​ថ្លែង​ទៀត​ថា វា​មាន​ន័យ​សារសំខាន់​ណាស់​ដែល​អ៊ុយក្រែន​ជា​បេះដូង​នៃ​ប្រជាធិបតេយ្យ​ដែល​មិន​ត្រឹម​សម្រាប់​ខ្លួនឯង​នោះ​ទេ គឺ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​ទាំងមូល។ លោក ហ្សេឡេនស្គី បាន​ថ្លែង​ថា នៅ​ពេល​នេះ អ៊ុយក្រែន​កំពុងតែ​ដើរ​លើ​ផ្លូវ​ជ័យជម្នះ ព្រោះ​អ៊ុយក្រែន​នឹង​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប។ ការ​ថ្លែង​របស់​លោក ហ្សេឡេនស្គី ដូចនេះ នាំ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​ទះ​ដៃ​ប្រាវៗ​ហើយ​រន្ធត់​ចិត្ត​ជា​ខ្លាំង។

លោក​បន្ត​ថា អឺរ៉ុប​គឺជា​បេះដូង​របស់​ប្រជាជន​អ៊ុយក្រែន។ លោក​ថា អឺរ៉ុប​កំពុងតែ​សាមគ្គី​គ្នា​ដើម្បី​ការពារ​អ៊ុយក្រែន និង​អឺរ៉ុប​ទាំងមូល។ លោក​បាន​បន្ត​ទៀត​ថា សហភាព​អឺរ៉ុប​ដែល​កំពុង​បន្ត​ជួយ​ប្រជាជន​អ៊ុយក្រែន​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​ពេលនេះ សហភាព​អឺរ៉ុប​គឺជា​ខ្នង​បង្អែក​របស់​ប្រជាជន​អ៊ុយក្រែន​ដ៏​ខ្លាំងក្លា ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយក្រែន​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព​របស់​ខ្លួន។

បើ​តាម DW នៅ​មុន​ពេល​លោក ហ្សេឡេនស្គី ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​អឺរ៉ុប សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន និង​នៅ​ក្នុង​សាល​ប្រជុំ​ទាំងមូល​មាន​ទង់ជាតិ​អឺរ៉ុប និង​អ៊ុយក្រែន​រួច​ទៅ​ហើយ ដោយ​ទង់ជាតិ​ទាំង​ពីរ​នេះ​គឺជា​និមិត្តរូប​បង្ហាញ​អំពី​អ៊ុយក្រែន អនាគត​នឹង​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប។

តើ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ជា​លើកដំបូង​របស់​លោក ហ្សេឡេនស្គី ឆ្លើយតប​នឹង​សង្គ្រាម​របស់​រុស្ស៊ី​ដូចម្ដេច?

ក្រោយពី​លោក ហ្សេឡេនស្គី បាន​ជួប​នាយករដ្ឋមន្ត្រី រីហ្ស៊ី ស៊ូណាក់ និង​ក្រោយពី​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាជិក​សភា​អង់គ្លេស គឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា លោក រីហ្ស៊ី ស៊ូណាក់ បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ បេន វ៉លឡេស ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​តាម​សំណើ​របស់​លោក ហ្សេឡេនស្គី។

ប្រធានាធិបតី អេមម៉ានូអេល ម៉ាក្រុង បាន​ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ថា គេ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​អ៊ុយក្រែន​ចាញ់​សង្គ្រាម​នោះ​ទេ។

ហេតុ​អ្វី​បាន​ជា​លោក ហ្សេឡេនស្គី ត្រូវការ​យន្តហោះ​ចម្បាំង​ពី​ពួក​បស្ចិម​ប្រទេស?

ការពិត លោក ហ្សេឡេនស្គី បាន​ទទូច​ជា​ញឹកញាប់​ទៅ​សហរដ្ឋ​អាមេរិក និង​ទៅ​រដ្ឋការ​របស់​លោក ចូ បៃដិន ដោយ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​បញ្ជូន​យន្តហោះ​ធុន F-16 ទៅ​ឲ្យ​អ៊ុយក្រែន ដែល​លោក​ថា​បើ​បាន​យន្តហោះ​ប្រភេទ​នេះ គឺ​អ៊ុយក្រែន​អាច​មាន​លទ្ធភាព​ទប់ទល់​សង្គ្រាម​អាកាស​ពី​រុស្ស៊ី។

តែ​លោក បៃដិន មិន​បាន​ថ្លែង​សន្យា​ថា​នឹង​ឲ្យ​យន្តហោះ​ចម្បាំង​នេះ​តាម​សំណើ​របស់​លោក ហ្សេឡេនស្គី នោះ​ទេ។ លោក បៃដិន ថ្លែង​ថា ពេលវេលា​នេះ​មិន​ទាន់​ដល់​ស្ថានភាព​ដូចនេះ​ទេ។

សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន​នៅ​ពេលនេះ​ជិត​ដល់​ខួប​មួយ​ឆ្នាំ​ហើយ។ តាម​ប្រភព​ចារកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន រុស្ស៊ី​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ពូទីន មាន​ផែនការ​បើក​ការ​វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន​ជា​ថ្មី​ម្ដង​ទៀត ដោយ​បញ្ចេញ​រថក្រោះ​ធុន​ធ្ងន់​ដល់​ទៅ​ប្រមាណ ១៨០០​គ្រឿង និង​រថពាសដែក ៤​ពាន់​គ្រឿង ហើយ​អាច​មាន​កងទ័ព​រហូត​ដល់​ទៅ ៣០​ម៉ឺន​នាក់។

លោក ហ្សេឡេនស្គី ថ្លែង​ថា សង្គ្រាម​ចុងក្រោយ​នេះ បើ​អ៊ុយក្រែន​មាន​អាវុធ​ទំនើបៗ និង​ធុន​ធ្ងន់​ដូចជា​រថក្រោះ កាំភ្លើង​ធំ មីស៊ីល​បាញ់​ចម្ងាយ​ឆ្ងាយ មីស៊ីល​បាញ់​ទម្លាក់​យន្តហោះ និង​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល គឺ​រុស្ស៊ី​គ្មាន​លទ្ធភាព​លុកលុយ​អ៊ុយក្រែន​បាន​ទៀត​ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស