លោក ហ៊ុន សែន អះអាងថា ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើអ្វីតាមការចង់បានរបស់ពួកគេឡើយ ខណៈសមាជិកសហគមន៍អឺរ៉ុបជាច្រើនសម្ដែងការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតអាជ្ញាប័ណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលបង្ហាញពីការរាំងខ្ទប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
បុរសខ្លាំងក្រាញអំណាចយូរជាងគេនៅលើពិភពលោក ដែលល្បីល្បាញខាងការរំលោភអំណាច និងដឹកនាំដោយអំពើពុករលួយរូបនេះ អះអាងថា ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យលោកធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកអះអាងថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វានឹងមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទៅវិញ ដូច្នេះអ្នកដទៃមិនត្រូវលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយលោកសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្ដូរការសម្រេចចិត្តអ្វីទាំងអស់ជុំវិញបញ្ហានេះ។
យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៣ កុម្ភៈ ថា ស្ថានទូតប្រទេសបែលហ្សិក ប្រទេសឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហុឡង់ដ៍ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់ ជាដើម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតអាជ្ញាប័ណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីពេលថ្មីៗនេះ ដែលបង្ហាញពីការរាំងខ្ទប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។
សហភាពអឺរ៉ុបប្រចាំកម្ពុជា អះអាងថា ការសម្រេចចិត្តនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងពហុនិយមដែលមានសារសំខាន់សម្រាប់សង្គមក្នុងការបើកចំហ ដែលត្រូវទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ដែលជាគោលការណ៍ និងជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយសិទ្ធិទាំងនេះសុទ្ធតែមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដែលគួរតែត្រូវបានការពារឱ្យបានពេញលេញ។

ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឱ្យក្រសួងព័ត៌មាន បិទអង្គភាពសារព័ត៌មាន វីអូឌី បន្ទាប់ពីសារព័ត៌មានមួយនេះបានចុះផ្សាយទាក់ទងនឹងកូនប្រុសរបស់លោកកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការសង្គមស៊ីវិលចំនួន ៩៣ស្ថាប័ន ទាំងក្នុងស្រុក និងនៅបរទេស បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា ការសម្រេចរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលអាជ្ញាប័ណ្ណរបស់ វីអូឌី បង្ហាញថា ជាការបំបិទសំឡេងសារព័ត៌មានឯករាជ្យមួយដែលសេសសល់នៅក្នុងប្រទេស មុនការបោះឆ្នោតជាតិខាងមុខនេះ។
អង្គការក្រៅរដ្ឋាភិបាល និងបណ្ដាញអ្នកសារព័ត៌មានទាំងនោះ រួមមាន សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក) អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) និង Foreign Correspondents’ Club of Japan (FCCJ) ជាដើម រិះគន់ថា ការសម្រេចចិត្តលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់ វីអូឌី នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ នេះ បង្ហាញពីរលកថ្មីមួយនៃមធ្យោបាយគំរាមកំហែងប្រឆាំងនឹងសារព័ត៌មានឯករាជ្យដែលកំពុងមានតិចស្រាប់ ដែលស្រដៀងគ្នាទៅនឹងការបិទកាសែត ឌឹ ខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងការលក់ស្ថាប័នកាសែតភ្នំពេញប៉ុស្តិ៍ ក្នុងឆ្នាំ២០១៨ ដូច្នោះដែរ។
បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិខាងលើបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ ការចូលទៅកាន់គេហទំព័រវីអូឌី ទាំងភាសាខ្មែរ និងភាសាអង់គ្លេស បង្ហាញថាមានការបិទខ្ទប់ (block) ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងអ្នកផ្ដល់សេវាទូរស័ព្ទចល័តជាច្រើននៅក្នុងប្រទេសកម្ពុជា។
ទាក់ទិននឹងបញ្ហានេះ ស្ថានទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៣ កុម្ភៈ ថា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏សកម្ម អូស្ត្រាលីដឹងអំពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ ជាពិសេសក្នុងការឈានទៅរកការបោះឆ្នោតឆ្នាំ២០២៣ របស់កម្ពុជានាពេលខាងមុខនេះ។
ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីមានការព្រួយបារម្ភអំពីការបិទដំណើរការវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) នៅពេលនេះយ៉ាងខ្លាំង ព្រោះថាអូស្ត្រាលី គឺជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយូរណាស់មកហើយ ដូច្នេះអូស្ត្រាលីសង្ឃឹមថា VOD នឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅពេលខាងមុខ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងនៅថ្ងៃទី១៤ កុម្ភៈ នេះ ចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់ VOD។
លោក Ned Price បញ្ជាក់ថា សារព័ត៌មានសេរី និងឯករាជ្យដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលត្រូវផ្តល់ឱ្យសាធារណជននូវសេចក្តីរាយការណ៍ដែលជាការពិត ដើម្បីឱ្យរដ្ឋាភិបាលទទួលខុសត្រូវនូវការដឹកនាំរបស់ខ្លួន។
ដោយឡែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចដកអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ត្បិតសារព័ត៌មានសេរី និងឯករាជ្យ ត្រូវមានតួនាទីយ៉ាងសំខាន់ក្នុងលទ្ធិប្រជាធិបតេយ្យដែលមានមុខងារផ្តល់ឱ្យសាធារណជននូវការពិត និងធ្វើឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះការដឹកនាំរបស់ខ្លួន។
ស្ថានទូតអាមេរិក បញ្ជាក់ថា អស់រយៈពេលជាង ២០ឆ្នាំមកហើយដែល VOD បានផ្តល់របាយការណ៍ដោយផ្អែកលើការពិតអំពីបញ្ហាដែលបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជា ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរតែពិនិត្យមើលការសម្រេចនេះឡើងវិញជាបន្ទាន់។

ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ បានអះអាងកាលពីថ្ងៃទី១៣ កុម្ភៈ ថា ការដកអាជ្ញាប័ណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ VOD គឺជាការបំពានធ្ងន់ធ្ងរលើច្បាប់សារព័ត៌មានរបស់កម្ពុជា ដោយសារបញ្ហានេះមិនត្រូវបានដោះស្រាយដោយហ្មត់ចត់ និងតម្លាភាព។
អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាលុបចោលសេចក្តីសម្រេចរបស់ខ្លួន ដើម្បីការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរគ្រប់រូប និងធានាឱ្យមានបរិយាកាសអំណោយផលសម្រាប់សង្គមស៊ីវិល រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាទាំងអស់នៅពេលនេះផងដែរ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៤ កុម្ភៈ នេះថា ការដែលលោក ហ៊ុន សែន បញ្ចេញកំហឹងចំពោះអត្ថបទរបស់ VOD ដែលលើកឡើងថាលោក ហ៊ុន ម៉ាណែត យកសិទ្ធិអំណាចបុគ្គលចុះហត្ថលេខាលើលិខិតបរិច្ចាគលុយឱ្យប្រទេសតួកគី ក្នុងនាមរដ្ឋ គឺដោយសារតែផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាកំពុងមានបញ្ហាអំពីភាពស្របច្បាប់របស់លោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជាមេដឹកនាំបន្តពីលោក ហ៊ុន សែន ទៅថ្ងៃក្រោយ។
ប្រភពដដែលបញ្ជាក់ថា មានមន្ត្រីជាន់ខ្ពស់មួយចំនួននៅខាងក្នុងជួរគណបក្សប្រជាជនកម្ពុជា បានខ្សឹបខ្សៀវគ្នាពីមាត់មួយទៅមាត់មួយថា តើលោក ហ៊ុន ម៉ាណែត គួរតែជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក ហ៊ុន សែន ឬក៏អត់ ខណៈលោក ហ៊ុន សែន មានភាពរសើបខ្លាំងចំពោះការរិះគន់លើលោក ហ៊ុន ម៉ាណែត ហើយដែលការរិះគន់ទាំងនេះ អាចនឹងបំផ្លាញផែនការស្នងអំណាចរបស់គាត់ ដែលកំពុងត្រូវការនូវការគាំទ្រពីមន្ត្រីកំពូលៗរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានប្រកាសលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន VOD បន្ទាប់ពីទទួលបានបញ្ជាពីលោក ហ៊ុន សែន ក្រោយមេដឹកនាំបក្សកាន់អំណាចរូបនេះចោទថា អង្គភាពសារព័ត៌មាន VOD មានចេតនាមួលបង្កាច់លើលោក ហ៊ុន ម៉ាណែត និងធ្វើឲ្យប៉ះពាល់ដល់រាជរដ្ឋាភិបាលទាំងមូលលើការគ្រប់គ្រងថវិកាជាតិ។
មាត្រា១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មានរបស់កម្ពុជា ចែងថា មនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាន នៅពេលដែលពួកគេយល់ថា សេចក្ដីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មានត្រូវឆ្លើយតបក្នុងសេចក្ដីថ្លែងការណ៍មួយត្រឹមត្រូវ។
អ្នកផ្សាយព័ត៌មាន ត្រូវឆ្លើយតបក្នុងរយៈពេល ៧ថ្ងៃ។ ពួកគេក៏មានសិទ្ធិផងដែរក្នុងការប្ដឹងទៅតុលាការពីបទបរិហារកេរ្តិ៍ និងបទមួលបង្កាច់៕