លោក ហ៊ុន សែន ប្រតិកម្មនឹងក្រុមសង្គមស៊ីវិលដែលស្នើសុំឲ្យក្រសួងចំនួន ៤ ចាត់វិធានការលើលោក ផែង វណ្ណៈ ដោយថាលោក ផែង វណ្ណៈ និយាយទៅកាន់ស្ត្រីអ្នកសារព័ត៌មាន វីអូឌី នោះ មិនស្មើនឹងគេប្រមាថលើប្អូនថ្លៃស្រីដែលបានស្លាប់ និងគ្រួសាររបស់លោកឡើយ។
ការចេញប្រតិកម្មការពារលោក ផែង វណ្ណៈ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីជាង ៤០ស្ថាប័នបានចេញលិខិតចំហមួយទៅកាន់រដ្ឋមន្ត្រីក្រសួងចំនួន ៤ ដើម្បីទាមទារឲ្យមានចំណាត់ការទៅលើលោក ផែង វណ្ណៈ ជាម្ចាស់ទំព័រហ្វេសប៊ុក Pheng Vannak News ចំពោះការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន។
លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកនាថ្ងៃយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា លោក ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេសទាមទារឲ្យថ្កោលទោស ដោយសារតែបាននិយាយអាក្រក់ពីស្ត្រីអ្នកសារព័ត៌មាន វីអូឌី ម្នាក់ ដែលបាននិយាយព័ត៌មានរហូតដល់លោកសម្រេចបិទវិទ្យុ វីអូឌី មិនដល់ ២៤ម៉ោងផង។ លោកថា បើប្រៀបធៀបប្អូនថ្លៃស្រីរបស់លោកជាមួយនឹងស្ត្រីអ្នកសារព័ត៌មាន វីអូឌី វិញ លោកថាប្អូនថ្លៃស្រីរបស់លោកត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងទៅទៀត បើទោះបីជានាងបានស្លាប់ទៅហើយក្ដី។

បុរសខ្លាំងកាន់អំណាច ៤០ឆ្នាំនៅកម្ពុជា បញ្ជាក់ថា អ្វីដែលលោកលើកឡើងនេះមិនមែនចេញការពារ ឬកាន់ជើងលោក ផែង វណ្ណៈ ទេ ប៉ុន្តែមកពីលោកមិនអស់ចិត្តដែលថាការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីរ។
លោក ហ៊ុន សែន ថាពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃរបស់លោកទេ ថែមទាំងបានប្រមាថភរិយា និងក្រុមគ្រួសាររបស់លោកអំឡុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយ ជីដូន ម្តាយមីង ដែលស្លាប់ទៅដោយមិនបានលាសូម្បីមួយម៉ាត់នោះ។
លោកថា ទោះបីជាប្អូនថ្លៃ និងគ្រួសាររបស់លោករងការប្រមាថយ៉ាងណាក្ដី ប៉ុន្តែអង្គការទាំងនោះបាននៅស្ងៀមស្ងាត់ទៅវិញ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង ឬយ៉ាងណា។
លោក ហ៊ុន សែន បានព្រមាន និងបានឲ្យក្រុមអង្គការសង្គមស៊ីវិលទាំងនោះឲ្យឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។
យ៉ាងណាក៏ដោយ មិនមែនតែក្រុមអង្គការសង្គមស៊ីវិលទេដែលទាមទារឲ្យចាត់វិធានការច្បាប់លើលោក ផែង វណ្ណៈ នោះ អ្នកប្រើប្រាស់បណ្ដាញសង្គមក៏បានប្រតិកម្ម និងទទូចឲ្យក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នផ្សេងៗទៀត ត្រូវមានចំណាត់ការលើលោក ផែង វណ្ណៈ ដែរ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធទាំងនោះមិនមានចំណាត់ការ ហើយលោក ហ៊ុន សែន ក៏បានចេញមុខការពារលោក ផែង វណ្ណៈ ផងដែរ ទោះបីជាលោក ផែង វណ្ណៈ បានទទួលស្គាល់ថាខ្លួនពិតជាបានប្រមាថមាក់ងាយស្ត្រីអ្នកសារព័ត៌មានមែនក៏ដោយ។
ទន្ទឹមនឹងទទួលស្គាល់ លោក ផែង វណ្ណៈ ក៏បានចំអកឲ្យក្រុមអង្គការសង្គមស៊ីវិលថា គួរចំណាយពេលបង្កើតវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ជ្រកក្រោមស្លាកសារព័ត៌មានឯករាជ្យឲ្យពួកគាត់ងាកមកគោរពច្បាប់ គោរពវិជ្ជាជីវៈសារព័ត៌មាន និងកុំធ្វើជាឧបករណ៍បម្រើនយោបាយបរទេសដើម្បីបំបែកបំបាក់ជាតិខ្មែរ។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិលទាំងជាង ៤០ស្ថាប័ន បានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់តឹងរ៉ឹងលើលោក ផែង វណ្ណៈ និងបង្គាប់ឲ្យកែតម្រូវពាក្យពេចន៍ និងសុំទោសស្ត្រីអ្នកកាសែត វីអូឌី ជាសាធារណៈ និងសាធារណជនទូទៅ ពោលគឺព្រមទទួលកំហុសចំពោះការប្រមាថមាក់ងាយបៀតបៀនស្ត្រីភេទ។
រដ្ឋមន្ត្រីក្រសួងចំនួន ៤ ដែលក្រុមអង្គការសង្គមស៊ីវិលទាមទារនោះ មានរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត។

ការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនេះ បន្ទាប់ពីលោក ផែង វណ្ណៈ ជាម្ចាស់ហ្វេសប៊ុក Pheng Vannak News បានបង្ហោះសារលើហ្វេសប៊ុកដោយប្រមាថមាក់ងាយ និងបៀតបៀនស្ត្រីអ្នកយកព័ត៌មានវីអូឌីម្នាក់ ក្រោយពីធ្វើសេចក្ដីរាយការណ៍ព័ត៌មានដែលមានចំណងជើងថា «មន្ត្រីរដ្ឋាភិបាលអះអាងថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឲ្យប្រទេសតួកគី មិនមែនជារឿងខុសឆ្គងទេ» ។
លោក ផែង វណ្ណៈ បានប្រមាថមាក់ងាយស្ត្រីអ្នកយកព័ត៌មានវីអូឌីនេះបន្ទាប់ពីលោក ហ៊ុន សែន ចោទប្រកាន់សារព័ត៌មានវីអូឌីថាផ្សាយព័ត៌មានមិនពិត មួលបង្កាច់ ធ្វើឲ្យប៉ះពាល់ដល់កូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់លោក។
ប្រតិកម្មរបស់លោក ហ៊ុន សែន បានយកលេសបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដោយប្រើពេលមិនដល់ ២៤ម៉ោងផង ខណៈស្ថាប័នព័ត៌មាននេះជាស្ថាប័នព័ត៌មានឯករាជ្យចុងក្រោយនៅកម្ពុជា។ ការបិទនេះ ខណៈវិទ្យុវីអូឌីសកម្មក្នុងការចុះផ្សាយរឿងបញ្ហាអយុត្តិធម៌ ជាពិសេសបញ្ហាប្រជាពលរដ្ឋរងគ្រោះដីធ្លី ការងារ បរិស្ថាន អំពើពុករលួយ ជាដើម៕