28.4 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​បដិសេធ​ថា​គ្មាន​តួនាទី​ឃ្លាំមើល​ការ​អនុវត្ត​ការងារ​របស់​បក្ស​នយោបាយ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បដិសេធ​ថា អង្គការ​សង្គម​ស៊ីវិល​គ្មាន​តួនាទី​ឃ្លាំមើល​ការ​អនុវត្ត​ការងារ​របស់​គណបក្ស​នយោបាយ​ឡើយ ទោះ​ពួកគេ​ជា​បក្ស​កាន់​អំណាច ឬ​បក្ស​មិន​ទាន់​កាន់​អំណាច​ក៏ដោយ ប៉ុន្តែ​ពួកគេ​មាន​តួនាទី​ចាំបាច់​តែ​មួយ​គត់ គឺ​ឃ្លាំមើល​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កុម្ភៈ នេះ​ថា ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​រដ្ឋាភិបាល សុទ្ធតែ​បាន​ទទួល​ជំនួយ​ពី​បរទេស ដើម្បី​ធ្វើការ​បម្រើ​ពលរដ្ឋ​ខ្មែរ និង​រក​ផល​ប្រយោជន៍​ឱ្យ​កម្ពុជា​តាម​ច្បាប់​ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​បន្ថែម​ថា ដើម្បី​ជួយ​រដ្ឋាភិបាល​ឱ្យ​អនុវត្ត​នូវ​កិច្ចការ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​បាន​ត្រឹមត្រូវ អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​តាមដាន​នូវ​កិច្ចការ​របស់​រដ្ឋាភិបាល​ថា ពិត​ជា​អនុវត្ត​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​សម្រាប់​បម្រើ​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​មែន​ឬ​ក៏​អត់ មិន​មែន​មាន​ចេតនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឡើយ។

លោក​អះអាង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​បំណង​ប្រាថ្នា​តែ​មួយ​គត់ គឺ​នៅ​ពេល​ដែល​រដ្ឋាភិបាល​អាច​អនុវត្ត​បាន​ល្អ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ហើយ សមាជិក​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ក៏​ចង់​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​តាមរយៈ​សកម្មភាព​របស់​រដ្ឋាភិបាល​ដែរ។ លោក​បន្ថែម​ថា ពួកគេ​គ្មាន​ចេតនា​យក​ការងារ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើជា​មុខរបរ​ក្រោម​ជំនួយ​មនុស្សធម៌​របស់​បរទេស ដើម្បី​ជួយ​ប្រជាជន​កម្ពុជា​នោះ​ទេ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា រាល់​កិច្ចការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​មិនមែន​ដើម្បី​បម្រើ​បរទេស​ដាច់ខាត គឺ​ដើម្បី​ជួយ​តម្រង់​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល ក្នុង​បំណង​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ដូច្នេះ​ការ​ចោទប្រកាន់​ថា អង្គការ​សង្គម​ស៊ីវិល​ទទួល​ជំនួស​បរទេស​ដើម្បី​បម្រើ​បរទេស គឺជា​ការ​លើកឡើង​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ និង​ប្រាសចាក​ពី​ការពិត​ទាំងស្រុង។

កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​តែងតែ​ការពារ​ក្រុម​ប្រឆាំង តែ​មិន​ការពារ​រដ្ឋាភិបាល​នោះ​ទេ។

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន រិះគន់​ថា នៅ​ពេល​ដែល​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រមាថ​មើលងាយ​ក្រុម​គ្រួសារ​របស់​លោក ជាពិសេស​ប្អូនស្រី​ថ្លៃ​របស់​លោក​ដែល​បាន​ស្លាប់ គឺ​គ្មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​មួយ​ចេញ​មុខ​ការពារ​ក្រុម​គ្រួសារ​របស់​លោក​ឡើយ ប៉ុន្តែ​គ្រាន់តែ​ស្ត្រី​អ្នក​សារព័ត៌មាន​ម្នាក់​ត្រូវ​រង​នូវ​ការ​ប្រមាថ​តែ​បន្តិចបន្តួច​ពី​អ្នកគាំទ្រ​រដ្ឋាភិបាល បែរ​ជា​នាំគ្នា​ចេញ​លិខិត​ឱ្យ​សុំទោស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៅវិញ។ បញ្ហា​នេះ លោក ហ៊ុន សែន ចាត់ទុក​ថា​ជា​ទង្វើ​ដ៏​អយុត្តិធម៌​សម្រាប់​រូបលោក និង​ក្រុម​គ្រួសារ​របស់​លោក។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្មាន​តួនាទី​ជ្រៀតជ្រែក​ជម្លោះ​អ្នក​នយោបាយ​នោះ​ទេ ព្រោះ​ថា​អង្គការ​សង្គម​ស៊ីវិល​មិន​ដែល​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ឬ​សមាជិក​បក្ស​កាន់​អំណាច​ណា​ម្នាក់​សុំទោស​លោក សម រង្ស៊ី ឬ​ទាមទារ​ឱ្យ​លោក សម រង្ស៊ី សុំទោស​លោក ហ៊ុន សែន ដែរ​ក្នុង​ជម្លោះ​នយោបាយ​របស់​ពួកគេ ប៉ុន្តែ​ការ​ប្រមាថ​មាក់ងាយ​លើ​ស្ត្រី​អ្នក​សារព័ត៌មាន​ជា​រឿង​ដែល​ទាក់ទិន​នឹង​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ព្រមទាំង​ទាក់ទិន​នឹង​ក្រមសីលធម៌​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (Asian Development Bank (ADB)) បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល (Non-Governmental Organization (NGO)) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩១ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ជា​ស្ថាប័ន​បង្កើត​ឡើង​ដោយ​ស្រប​ច្បាប់ និង​ឯករាជ្យ​ពី​រដ្ឋាភិបាល ហើយ​អង្គការ​ទាំងនោះ ភាគី​ច្រើន​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​អប់រំ​អ្នក​បោះឆ្នោត​ដើម្បី​ឱ្យ​មាន​មូលដ្ឋាន​ចំណេះដឹង​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បញ្ជាក់​ថា សមាជិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ពុំ​មាន​ឋានៈ​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​ពួកគេ​មាន​តួនាទី​ជា​អ្នក​ផ្តល់​ជំនួយ​ទាំង​ផ្នែក​ស្មារតី ចំណេះដឹង និង​សម្ភារៈ​ទៅ​ដល់​ពលរដ្ឋ ដូចជា​ការ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ក្រីក្រ ជួយ​ពលរដ្ឋ​រងគ្រោះ​ពី​ការ​គំរាមកំហែង ជួយ​ពលរដ្ឋ​ពី​ការ​បំបិទ​សិទ្ធិ និង​ជួយ​បណ្តុះបណ្តាល​ផ្នែក​ច្បាប់ ជាដើម ដើម្បី​ឱ្យ​ពលរដ្ឋ​ចេះ​ការពារ​ខ្លួន​ពី​ការ​រំលោភ​បំពាន​ណា​មួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស