28.4 C
Phnom Penh

លោក ហ៊ុន សែន ណែនាំ​ឱ្យ​ក្រុម​ឧកញ៉ា​ចេះ​សប្បុរសធម៌ ទោះបី​ឧកញ៉ា​ខ្លះ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឧក្រិដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ណែនាំ​ទៅ​ក្រុម​ឧកញ៉ា​ឲ្យ​ចេះ​ធ្វើ​សប្បុរសធម៌ ដើម្បី​លើកស្ទួយ​ដល់​សមាគម និង​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​លោក ទោះបីជា​ឧកញ៉ា​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​ក៏ដោយ។

ការ​ណែនាំ​របស់​លោក ហ៊ុន សែន នេះ ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​សម្រេច​ឲ្យ​លោក លី យ៉ុងផាត់ ដែល​ល្បីល្បាញ​ខាង​បូម​ខ្សាច់​ខុស​ច្បាប់ និង​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ធ្វើ​ជា​ប្រធាន​សមាគម​ឧកញ៉ា​នៅ​កម្ពុជា។

បើ​តាម​សារព័ត៌មាន​រដ្ឋាភិបាល fresh news បាន​ចុះផ្សាយ​ថា ក្នុង​ជំនួប​ពិភាក្សា​នា​ថ្ងៃទី​៦ ខែ​មេសា នេះ បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ណែនាំ​ទៅ​ក្រុម​ឧកញ៉ា​ទាំងនោះ​ត្រូវ​ពង្រឹង​សាមគ្គីភាព​រួម​គ្នា​ជួយ​ដល់​កិច្ចការ​សង្គម អភិវឌ្ឍ​ប្រទេស​ជាតិ ធ្វើ​សកម្មភាព​មនុស្សធម៌ និង​ចេះ​ជួយ​ដល់​ការ​លំបាក​របស់​ពលរដ្ឋ។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ការ​បង្កើត​សមាគម​ឧកញ៉ា​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក ហ៊ុន សែន នា​ពេលនេះ​មិន​បាន​ផ្ដល់​ផលប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ និង​សង្គម​ជាតិ​ឡើយ ផ្ទុយទៅវិញ​ពួក​ក្រុម​ឧកញ៉ា​ទាំងនេះ​ជា​អ្នក​ជួយ​ចិញ្ចឹម​គ្រួសារ​ត្រកូល​ហ៊ុន​តាមរយៈ​ការ​បរិច្ចាគ​ថវិកា​រាប់​ពាន់​រហូត​ដល់​រយ​លាន​ដុល្លារ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រភព​ខ្លះ​និយាយ​ថា នៅ​ពេល​ដែល​ពួកគេ​បរិច្ចាគ​ថវិកា​ដល់​លោក ហ៊ុន សែន ហើយ ក្រុម​ឧកញ៉ា​ទាំងនោះ​តែងតែ​ទទួល​បាន​ផលប្រយោជន៍​ជា​ថ្នូរ​មក​វិញ ដោយ​ការ​ផ្ដល់​ដី ភ្នំ បឹង និង​ទន្លេ រួម​ទាំង​បើក​ដៃ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ជាដើម។

លោក លី យ៉ុងផាត់ ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ឲ្យ​ធ្វើ​ជា​ប្រធាន​សមាគម​ឧកញ៉ា​នោះ​ជា​មនុស្ស​ល្បី​ខាង​ការ​បូម​ខ្សាច់​ខុស​ច្បាប់​លក់​ទៅ​ឲ្យ​ប្រទេស​សិង្ហបុរី និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ដើម្បី​យក​ដី​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករស​លក់​ទៅ​បរទេស។ លោក​បាន​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង តាំងពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​ឆ្នាំ​២០២៣ នេះ នៅ​មិន​ទាន់​មាន​ការ​ដោះស្រាយ​នៅឡើយ។

ក្រៅពី​មិន​ដោះស្រាយ​ហើយ ឧកញ៉ា លី យ៉ុងផាត់ ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ប្ដឹង​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ថែម​ទៀត។

ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​រហស្សនាម​ថា​ស្តេច​កោះកុង (King of Koh Kong) ក៏​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ខ្មែរ ខណៈ​ឧកញ៉ា​ផ្សេងៗ​ទៀត​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ​ពេញ​ប្រទេស​កម្ពុជា ដូចជា​ឧកញ៉ា គិត ធាង ដែល​ជា​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ជាដើម។

កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​កែសម្រួល​អនុក្រឹត្យ​ចាស់​ដែល​លោក​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​១៩៩៤ ចំពោះ​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​ជូន​រដ្ឋ​ចាប់ពី ១០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ នឹង​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​នោះ ត្រូវ​កែប្រែ និង​កំណត់​សាជាថ្មី​ថា អ្នក​ដែល​ចង់​បាន​គោរមងារ​ជា​ឧកញ៉ា ត្រូវ​បរិច្ចាគ​ថវិកា​ចាប់ពី ៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ក្នុង​ម្នាក់ៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស