39.4 C
Phnom Penh

ជាង​៣​ខែ​ក្នុង​ឆ្នាំ​២០២៣ សមត្ថកិច្ច​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​បាន​ជាង​២​ពាន់​ករណី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា រយៈពេល​ជាង ៣​ខែ​ក្នុង​ឆ្នាំ​២០២៣ នេះ សមត្ថកិច្ច​ចុះ​បង្ក្រាប​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន​ជាង ២​ពាន់​ករណី និង​ឃាត់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​បាន​ជាង ៥​ពាន់​នាក់​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​របាយការណ៍​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​២០ មេសា នេះ​ថា ចាប់ពី​ថ្ងៃទី​១ ខែ​មករា រហូត​ដល់​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ ខ្លួន​បាន​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​បាន ២១៣៩​ករណី និង​ឃាត់​មនុស្ស​បាន ៥១១០​នាក់​ក្នុង​នោះ​មាន​ស្រី ៣៣៦​នាក់​ផង​ដែរ។

របាយការណ៍​ដដែល​បញ្ជាក់​ថា នៅ​ថ្ងៃទី​២០ មេសា នេះ សមត្ថកិច្ច​កម្ពុជា​ក៏​បាន​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​បាន ៤​ករណី​ដែរ ក្នុង​នោះ​ករណី​ប្រើប្រាស់ ១​ករណី ដឹកជញ្ជូន​រក្សាទុក ២​ករណី និង​ជួញដូរ ១​ករណី ដោយ​ឃាត់​ខ្លួន​ជនសង្ស័យ ១១​នាក់​ថែម​ទៀត។

ការ​បង្ហាញ​របាយការណ៍​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ ធ្វើឡើង​ស្រប​ពេល​គេ​រក​ឃើញ​ការ​ចរាចរ​គ្រឿងញៀន​កំពុងតែ​រីក​ដុះដាល​យ៉ាង​ខ្លាំង​ក្រោម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មេសា នេះ​ថា ការ​ចរាចរ​គ្រឿងញៀន​សព្វថ្ងៃ​នេះ កំពុង​វាយលុក​លើ​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង ព្រោះ​ថា​ក្រោយ​ការ​ស៊ើបអង្កេត​របស់​លោក​លើ​ករណី​ជួញដូរ​គ្រឿងញៀន​នេះ បាន​រក​ឃើញ​ថា មិនមែន​កើតមាន​តែ​នៅ​តាម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ និង​រង្គសាល​ទេ សូម្បី​ក្នុង​ពន្ធនាគារ​ខ្លះ​ក៏​ត្រូវ​បាន​គេ​បង្ហើប​ថា មាន​ការ​ចរាចរ​គ្រឿងញៀន​ដែរ។

លោក សេក សុជាតិ សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​អាច​ដាក់​ចេញ​នូវ​វិធានការ​ហ្មត់ចត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​រលាយ​បាត់​ពី​ប្រទេស​កម្ពុជា​ទេ យុវជន​ខ្មែរ​នឹង​បន្ត​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប្រើប្រាស់​គ្រឿងញៀន​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គ្មាន​ថ្ងៃ​ទប់ស្កាត់​បាន​ឡើយ ហើយ​ពួកគេ​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ញៀន​គ្រឿងញៀន​ដែល​ដក​ខ្លួន​មិន​រួច​ថែម​ទៀត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា គ្រឿងញៀន​មិន​បាន​ជួយ​ឱ្យ​ប្រទេស​រីកចម្រើន​ទេ ហើយ​ថែមទាំង​បំផ្លាញ​ធនធាន​មនុស្ស​ថែម​ទៀត ខណៈ​ផល​ប៉ះពាល់​ពី​គ្រឿងញៀន​នឹង​បង្ក​ឱ្យ​សង្គម​កម្ពុជា​ក្លាយ​ទៅ​ជា​សង្គម​អសន្តិសុខ ដែល​ពោរពេញ​ទៅ​អំពើ​ចោរកម្ម លួច ឆក់ ប្លន់ រហូត​ឈាន​ដល់​ការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ផង​ដែរ។

កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធាន​យុវជន​នៅ​កម្ពុជា​ក្នុង​ការ​ចូលរួម​ការពារ​ឯករាជ្យ បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​ពេល​ដែល​បទល្មើស​ជួញដូរ ចែកចាយ និង​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​មិន​ថយ​ចុះ​ទាល់តែសោះ គឺ​មាន​តែ​កើតឡើង​ខ្លាំង​ជាង​មុន។

ចំណែក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើង​កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ថា បច្ចុប្បន្ន​នេះ កម្ពុជា​នៅតែ​បន្ត​រង​ការ​គំរាមកំហែង​ឥត​ឈប់ឈរ​ពី​ការ​ចរាចរ ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​លើ​ពិភពលោក និង​ក្នុង​តំបន់។ ជាក់ស្តែង ការ​ចរាចរ​គ្រឿងញៀន​ទាំង​តាម​ផ្លូវគោក ផ្លូវទឹក បញ្ញើ​ប្រៃសណីយ៍ និង​ផ្លូវអាកាស ជាពិសេស​ករណី​រក្សាទុក កែច្នៃ ផលិត និង​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែ​បន្ត​កើតមាន​សព្វថ្ងៃ​នេះ។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត ៤​ម៉ឺន​នាក់​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស មាន ៥០% ជាប់​ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន ខណៈ​មួយ​ថ្ងៃ​សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ចន្លោះ​ពី ១០ ទៅ ២០​នាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស ដែល​ពួកគេ​ភាគច្រើន​ជា​យុវជន។

កាលពី​អំឡុង​ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​ថា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦៣០០​ករណី និង​បាន​ឃាត់​ខ្លួន​មនុស្ស​ជិត ១​ម៉ឺន ៥​ពាន់​នាក់ ហើយ​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ១៥​តោន។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា គ្រឿងញៀន​នៅ​កម្ពុជា​មិន​អាច​បំបាត់​បាន​ទេ ព្រោះ​វា​ជា​មុខរបរ​របស់​អ្នក​មាន​អំណាច ក្នុង​នោះ​គេ​រក​ឃើញ​ថា ការ​ចរាចរ​គ្រឿងញៀន​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សាច់ញាតិ​ដ៏​ជិតដិត​បំផុត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស