32.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កត្តា​ចម្បង​ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​ដោយសារ​មេដឹកនាំ​បាត់បង់​ក្រមសីលធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា កត្តា​ចម្បង​ដែល​នាំ​ឱ្យ​សីលធម៌​សង្គម​កម្ពុជា​ធ្លាក់​ចុះ មិនមែន​ដោយសារតែ​វប្បធម៌​បរទេស​ហូរ​ចូល​នោះ​ទេ ហើយ​ក៏​មិនមែន​ដោយសារ​ពលរដ្ឋ​ជ្រួលជ្រើម​នឹង​វប្បធម៌​បរទេស​ទាំងនោះ​ដែរ ប៉ុន្តែ​ដោយសារ​ការ​ដឹកនាំ​របស់​អ្នក​នយោបាយ​ធូរ​រលុង និង​ការ​បាត់បង់​ក្រមសីលធម៌​របស់​មេដឹកនាំ​ខ្មែរ​ប៉ុណ្ណោះ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ពុធ​ថា នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​ជា​មនុស្ស​ដែល​គ្មាន​សីលធម៌ ជា​មនុស្ស​ដែល​មិន​ឱ្យ​តម្លៃ​នៃ​ការ​គោរព​ច្បាប់ ពលរដ្ឋ និង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់​នឹង​ក្លាយ​ជា​មនុស្ស​អាវាសែ​បាត់បង់​នូវ​មោទនភាព​ជាតិ​ឯង ហើយ​ងាក​ទៅ​រក​វប្បធម៌​បរទេស​ពី​ខាងក្រៅ​ជាង​វប្បធម៌​ជាតិ​របស់​ខ្លួន។

លោក សារ៉ូ សុវិជ័យ ដែល​មាន​ឈ្មោះ​ដើម សារ៉ូ ស៊ីវុត្ថា លើកឡើង​ថា មេដឹកនាំ​នយោបាយ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​មិន​ខ្វល់​នឹង​តម្លៃ​សីលធម៌​ក្នុង​សង្គម​របស់​ខ្លួន​ទេ ហើយ​ក៏​មិន​ខ្វល់​នឹង​ការ​លើក​ស្ទួយ​នូវ​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​ជាតិ​ដែរ ប៉ុន្តែ​ពួកគេ​ខ្វល់ខ្វាយ​នឹង​អំណាច និង​ផលប្រយោជន៍​ក្នុង​ក្រុម​គ្រួសារ​របស់​គេ​ច្រើន​ជាង ដូច្នេះ​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​ក៏​នឹង​មិន​ដឹង​ថា តើ​ពួកគេ​នឹង​ត្រូវ​លើក​កម្ពស់​សីលធម៌ និង​លើកស្ទួយ​ការ​អនុវត្ត​ច្បាប់​ដូចម្តេច​ដែរ​នៅ​ពេលនេះ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រូប​នេះ បញ្ជាក់​ថា ហានិភ័យ​គ្រប់​យ៉ាង​នឹង​កើតមាន​នៅ​ក្នុង​កម្ពុជា នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​បាត់បង់​នូវ​ក្រមសីលធម៌ ហើយ​ចេះ​តែ​រំលោភ​បំពាន​ច្បាប់ ដូចជា​ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​ការ​ចាប់​ខ្លួន​ជន​ស្លូតត្រង់​តាម​អំពើ​ចិត្ត​ដែល​គ្មាន​កំហុស ជាដើម​នោះ ទីបំផុត កម្ពុជា​នឹង​ក្លាយ​ជា​សង្គម​មួយ​ដែល​បាត់បង់​នូវ​សីលធម៌ និង​ការ​អនុវត្ត​ច្បាប់​ទាំងស្រុង ខណៈ​ក្រមសីលធម៌ និង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​នេះ​នឹង​ត្រូវ​ស្ថិត​លើ​មាត់​មេដឹកនាំ​ទៅវិញ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ធ្លាក់​ចុះ​នូវ​សីលធម៌​សង្គម និង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​បច្ចុប្បន្ន​នេះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ដោយសារតែ​សីលធម៌​សង្គម​របស់​កម្ពុជា​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ បាន​ធ្វើ​ឱ្យ​មន្ត្រី​រាជការ និង​មនុស្ស​មួយ​ចំនួន​ប្រើ​នូវ​ជំនាញ​វិជ្ជាជីវៈ​របស់​ពួកគេ​គាប​សង្កត់ និង​ធ្វើ​បាប​មនុស្ស​ទន់ខ្សោយ​ស្ទើរតែ​គ្រប់​ទីកន្លែង ដូចជា​គ្រូពេទ្យ​ជំរិត​ទារ​ប្រាក់​ពី​អ្នកជំងឺ​មុន​នឹង​ព្យាបាល សមត្ថកិច្ច​ទារ​លុយ​ពី​ជនរងគ្រោះ​មុន​នឹង​ដោះស្រាយ​បញ្ហា ជាដើម។

បណ្ឌិត មាស នី រិះគន់​ថា សីលធម៌​របស់​អ្នក​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​ក្លាយ​ទៅ​ជា​គំរូ​ដ៏​អាក្រក់​ជា​ទីបំផុត​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ ហើយ​ក៏​ក្លាយ​ជា​គំរូ​ដ៏​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​ផង​ដែរ ដែល​នាំ​ឲ្យ​ពលរដ្ឋ​នៅ​ពេលនេះ​មិន​សូវ​ខ្វល់​ពី​ការ​គោរព​សីលធម៌ និង​ការ​គោរព​ច្បាប់​ឡើយ។

កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បាន​ធ្វើ​ធម្មយាត្រា​ដើរ​ដង្ហែ​ក្បួន​ថ្មើរជើង​ដើម្បី​ផ្សព្វផ្សាយ​លើក​កម្ពស់​សីលធម៌​សង្គម​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​ពោធិ៍សាត់ រយៈពេល​មួយ​សប្តាហ៍ ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម​ឡើងវិញ ជាពិសេស​សីលធម៌​របស់​មេដឹកនាំ​ខ្មែរ​ដែល​តែង​គំរាម និង​ប្រើ​ភាសា​អសីលធម៌​តាម​វេទិកា​សាធារណៈ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ខែ​មេសា ឆ្នាំ​២០២១ លោកស្រី Giulia Villirilli អ្នកជំនាញ​ខាង​ភាព​ជា​អ្នក​ដឹកនាំ​ដែល​ធ្វើជា​គ្រូបង្វឹក​នៅ​ស្ថាប័ន​ឈ្មោះ BetterUP បាន​ផ្សាយ​នូវ​អត្ថបទ​មួយ​អំពី​សារសំខាន់​នៃ​សីលធម៌​របស់​មេដឹកនាំ​ថា មេដឹកនាំ​គឺជា​គំរូ​សង្គម​ដ៏​សំខាន់​ក្នុង​ការ​លើក​ទឹកចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ឱ្យ​ធ្វើ​អ្វីៗ​ប្រកប​ដោយ​សីលធម៌​ដូច​ខ្លួន។

យ៉ាងណា​ក៏ដោយ មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា តែង​បង្ហាញ​នូវ​អត្តចរិត​កោងកាច​បែប​ជើងកាង ដោយ​ប្រើ​សម្ដី​គ្រោតគ្រាត និង​ជេរប្រមាថ​គេ​ឯង​ជា​សាធារណៈ​ស្ទើរតែ​គ្រប់​វេទិកា​របស់​គាត់ ហើយ​នៅ​ពេល​ដែល​គាត់​សម្ដែង​ចរិត​អសីលធម៌​បែប​នេះ​ម្តងៗ ពួក​មន្ត្រី​ជុំវិញ​គាត់​តែងតែ​ទះ​ដៃ​សាទរ​លើក​តម្កើង​គាត់ ដែល​ធ្វើ​ឱ្យ​គាត់​បន្ត​អត្តចរិត​អសីលធម៌​បែប​នេះ​រហូត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស