39.4 C
Phnom Penh

លោក ហ៊ុន សែន ស្នើ​ប្រទេស​ដែល​ឧបត្ថម្ភ​ប្រាក់​ឱ្យ​កូដករ​ណាហ្គា​វើលដ៍​ដក​ខ្លួន​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤​ទសវត្ស​នៅ​កម្ពុជា លោក ហ៊ុន សែន ស្នើ​ទៅ​ប្រទេស​មួយ​ចំនួន​ដែល​លោក​ចោទ​ថា​ជា​អ្នក​ឧបត្ថម្ភ​ប្រាក់​ដល់​កូដករ​ណាហ្គា​វើលដ៍​កន្លងមក ត្រូវ​ដក​ខ្លួន​ចេញ ដោយ​ថា​រយៈពេល ២​ឆ្នាំ​មក​នេះ បើ​គ្មាន​ការ​ឧបត្ថម្ភ​ពី​ក្រៅ​ប្រទេស​ទេ ក្រុម​កូដករ​ក៏​មិន​អាច​បន្ត​ធ្វើ​កូដកម្ម​បាន​ដែរ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១ ឧសភា នេះ លោក ហ៊ុន សែន បាន​ចោទ​ក្រុម​កូដករ​ជា​ថ្មី​ថា ការ​ដែល​ពួកគេ​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​ប្រចាំ មិនមែន​ជា​រឿង​ល្អ ហើយ​ក៏​មិនមែន​ជា​ការ​គោរព​ដែរ។ លោក​ថា កូដករ​ទាំងនោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ខាងក្រៅ​ប្រទេស ទើប​ពួកគេ​នៅតែ​មាន​បាយ​សម្រាប់​បរិភោគ និង​កម្លាំង​មក​ធ្វើ​កូដកម្ម​បន្ត​ទោះបីជា​ពួកគេ​មិន​មាន​ការងារ​ធ្វើ​ក៏ដោយ។

ចាប់តាំងពី​មាន​វិវាទ​ការងារ​ពី​ឆ្នាំ​២០២១ មក ក្រុម​កូដករ​ណាហ្គា​វើលដ៍​បាន​ជួប​ចរចា​ជាមួយ​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាច្រើន​លើក និង​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ខុទ្ទកាល័យ​របស់​លោក ហ៊ុន សែន ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​មក​នេះ​នៅ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ។

ក្រៅពី​មិន​មាន​ដំណោះស្រាយ និង​កិច្ច​អន្តរាគមន៍​ហើយ នៅ​ថ្ងៃទី​១ ឧសភា នេះ លោក ហ៊ុន សែន ក៏​បាន​ចោទ​ក្រុម​កូដករ​ជា​ថ្មី​ទៀត និង​បាន​ស្នើ​ទៅ​ប្រទេស​ដែល​លោក​ចោទ​ថា​ជា​អ្នក​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ដល់​កូដករ​ណាហ្គា​វើលដ៍​ជា​ប្រចាំ​នោះ ឲ្យ​ដក​ខ្លួន​ចេញ និង​បញ្ឈប់​ការ​ធ្វើ​អន្តរជាតូបនីយកម្ម​នៅ​កម្ពុជា​ថែម​ទៀត​ផង។

នេះ​មិនមែន​ជា​លើក​ទី​១ ទេ​ដែល​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ចោទប្រកាន់​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍។ តែ​យ៉ាងណា ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​ក្រុម​កូដករ​ច្រានចោល និង​ចាត់ទុក​ការ​ចោទប្រកាន់​របស់​លោក ហ៊ុន សែន ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ។

ក្រុម​កូដករ​ថា​ពួកគេ​តស៊ូ​ធ្វើ​កូដកម្ម​រយៈពេល ២​ឆ្នាំ​មក​នេះ​មិន​បាន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ខាង​ណា​ឡើយ ហើយ​ការ​បន្ត​ធ្វើ​កូដកម្ម​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ​កម្ពុជា និង​ដោះស្រាយ​វិវាទ​ការងារ​ជូន​ពួកគេ​តែប៉ុណ្ណោះ។

ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​បុគ្គលិក​ពី​ការងារ​ទាំង​អយុត្តិធម៌​ជាង ១៣០០​នាក់​កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ ក្រោម​លេស​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ប៉ុន្តែ​ការ​កាត់​ក្រុម​បុគ្គលិក​នេះ​មិនមែន​ដោយសារ​ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​នោះ​ទេ។ ជាក់ស្ដែង​នៅ​ឆ្នាំ​២០២០ កន្លងទៅ ក្រុមហ៊ុន NagaCorp ទទួល​បាន​ប្រាក់ចំណេញ​ជាង ១០០​លាន​ដុល្លារ ទោះបី​ជា​មាន​វិបត្តិ​កូវីដ-១៩ កើតឡើង​ក្ដី ។

ដូច្នេះ ការ​កាត់​បុគ្គលិក​កាលពី​ឆ្នាំ​២០២១ ក្រុម​កូដករ​អះអាង​ថា​ដោយសារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រើសអើង​សហជីព​ដែល​ការពារ​ផល​ប្រយោជន៍​បុគ្គលិក​ទៅវិញ​ទេ ព្រោះ​កន្លងមក ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ​បាន​រំលោភ​សិទ្ធិ​ការងារ​ខ្លាំង​លើ​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ទីនោះ។

អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លងមក​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​អូស​បន្លាយ​ប្រមាណ​ជា ២​ឆ្នាំ​មក​នេះ​អាច​វាយតម្លៃ​បាន​ថា ក្រៅពី​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​កម្ពុជា គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​បាន​ឡើយ។

លោក ឃុន ថារ៉ូ លើកឡើង​ថា ការ​តស៊ូ​របស់​កម្មករ​និយោជិត​ដើម្បី​ទាមទារ​រក​យុត្តិធម៌ គឺ​ពិត​ជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ការងារ​ដែល​ពួកគេ​នៅតែ​បន្ត​ឆន្ទៈ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្វែងរក​យុត្តិធម៌ បើ​ទោះបីជា​ពួកគាត់​ត្រូវ​ជួប​នូវ​ឧបសគ្គ​ធំៗ ដូចជា​ការ​បង្ក្រាប​របស់​អាជ្ញាធរ ការ​ចោទ​ប្តឹង​ពី​ខាង​ក្រុមហ៊ុន ការ​បាត់បង់​ប្រាក់ចំណូល និង​ការ​មិន​អើពើ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​ពួកគាត់​នៅ​តែ​នាំគ្នា​បន្ត​ស្វែងរក​យុត្តិធម៌​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​រហូត​ដល់​ពេលនេះ។

របាយការណ៍​របស់​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចំនួន ៩​នាក់ កំពុង​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​ក្រោម​បទ​ចោទ “ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូចជា ប្រធាន​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ថ្នាក់​ដឹកនាំ​សហជីព កញ្ញា ឈឹម សុខន សកម្មជន​សហជីព អ្នកស្រី រី សុវណ្ណឌី ជាដើម ក្រោយ​ពី​ក្រុម​កូដករ​ទាំងនោះ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ខ្លួន​កន្លងមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស