33.2 C
Phnom Penh

លោក ហ្សេឡេនស្គី ទៅ​សួរ​សុខទុក្ខ​កងទ័ព​នៅ​សមរភូមិ​ជួរ​មុខ​ក្រោយពី​លោក​វិល​ចូល​ប្រទេស​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​កងទ័ព​អ៊ុយក្រែន នៅ​ឯ​សមរភូមិ​ជួរ​មុខ​ក្នុង​តំបន់​ដូណេត ភាគ​ខាងកើត​ប្រទេស ជា​ទី​ដែល​កងកម្លាំង​របស់​រុស្ស៊ី បើក​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ដើម្បី​ពង្រីក​ទឹកដី​បន្ថែម​ទៀត ជាពិសេស​នៅ​តំបន់​បាកមូត។

ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​ឧសភា នេះ បាន​រាយការណ៍​មក​ថា ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​បញ្ជាក់​អំពី​លោក ហ្សេឡេនស្គី ទៅ​សមរភូមិ​ជួរ​មុខ​ដើម្បី​សួរ​សុខទុក្ខ​កងទ័ព។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា លោក ហ្សេឡេនស្គី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​សមរភូមិ​ជួរ​មុខ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន ស្ថិត​នៅ​ខ្សែបន្ទាត់​ការពារ​នៅ​តំបន់ Vugledar និង Maryinka ក្នុង​តំបន់​ដូណេត។ លោក ហ្សេឡេនស្គី ផ្ទាល់​បាន​ចុះ​សួរ​សុខទុក្ខ​កងទ័ព​នៃ​អង្គភាព​ទ័ព​ម៉ារីន​នៅ​សមរភូមិ​មុខ​ដើម្បី​អបអរ​ទិវា​កង​ម៉ារីន​អ៊ុយក្រែន។

នៅ​លើ Channel Telegram លោក ហ្សេឡេនស្គី បាន​បង្ហោះ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ពី​សកម្មភាព​លោក​ផ្តល់​មេដាយ និង​ថត​រូប​រួម​គ្នា​ជាមួយ​កងទ័ព​ម៉ារីន​អ៊ុយក្រែន។

លោក ហ្សេឡេនស្គី ទើប​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ​ក្រោយពី​លោក​បាន​ចូលរួម​ក្នុង​វេទិកា​កិច្ចប្រជុំ​សម្ព័ន្ធ​អារ៉ាប់​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​មេដឹកនាំ​ប្រទេស G-7 នៅ​ប្រទេស​ជប៉ុន ដែល​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ព្យាយាម​ស្វែងរក​ការ​គាំទ្រ​បន្ថែម​ទៀត​ក្នុង​ការ​ការពារ​ប្រទេស​របស់​លោក​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

នៅ​ក្នុង​ការ​ចុះ​សួរ​សុខទុក្ខ​កងទ័ព​នៅ​ថ្ងៃ​នេះ លោក ហ្សេឡេនស្គី នៅតែ​បន្ត​ការ​សច្ចា​វាយ​រំដោះ​ដែនដី​នៃ​ឧបទ្វីប​គ្រីមៀរ ពី​រុស្ស៊ី មក​វិញ​ដោយ​បញ្ជាក់​ថា ការ​វាយ​រំដោះ​ដែនដី​នេះ​នឹង​ត្រូវ​ធ្វើឡើង​អំឡុង​ទ័ព​អ៊ុយក្រែន​ត្រូវ​បើក​វាយបក​ទ្រង់ទ្រាយ​ធំ​នៅ​ពេល​ខាងមុខ​នេះ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក ហ្សេឡេនស្គី ក៏​បាន​ធ្វើការ​កត់សម្គាល់​ម្ដង​ហើយ​នៅ​ក្នុង​ពិធី​មួយ​រៀបចំ​ឡើង​ក្នុង​ទីក្រុង​គៀវ ដើម្បី​រំឭក​ខួប​នៃ​ការ​បណ្ដេញ​ចេញ​ជនជាតិ​តាតា ចេញពី​តំបន់​គ្រីមៀរ ដោយ​អាជ្ញាធរ​សហភាព​សូវៀត កាលពី​ឆ្នាំ​១៩៤៤។

ក្នុង​ឱកាស​នោះ លោក ហ្សេឡេនស្គី បាន​បង្កើត​ក្រុមប្រឹក្សា​បង្រួបបង្រួម​ជាតិ​មួយ​ដែល​មាន​តួនាទី​ប្រឹក្សា​យោបល់​ស្ដីពី​ការ​ស្ដារ​ឡើងវិញ​នូវ​ការ​គ្រប់គ្រង​របស់​អ៊ុយក្រែន លើ​តំបន់​គ្រីមៀរ។ លោក​ប្រកាស​ថា ការ​រំដោះ​ឧបទ្វីប​មួយ​នេះ​ដែល​ត្រូវ​បាន​រុស្ស៊ី ដណ្ដើម​យក​កាលពី​ឆ្នាំ​២០១៤ ច្បាស់​ណាស់​ថា​នឹង​កើតឡើង​យ៉ាង​ពិតប្រាកដ។

បើ​តាម​លោក ហ្សេឡេនស្គី ប្រទេស​កាន់តែ​ច្រើន​ឡើង​ចាប់ផ្ដើម​យល់​ឃើញ​ថា សន្តិភាព​នឹង​មិន​អាច​កើតឡើង បើ​គ្មាន​ការ​ប្រគល់​តំបន់​គ្រីមៀរ មក​ឱ្យ​អ៊ុយក្រែន វិញ។ លោក​បញ្ជាក់​ថា អ៊ុយក្រែន​នឹង​បន្ត​ការងារ​របស់​ខ្លួន​ដើម្បី​រំដោះ​តំបន់​គ្រីមៀរ ដែល​ច្បាស់​ណាស់​ថា​វា​នឹង​កើតឡើង ហើយ​តំបន់​គ្រីមៀរ នឹង​ត្រឡប់​ទៅ​នៅ​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​របស់​អ៊ុយក្រែន វិញ។

ទាំង​លោក ហ្សេឡេនស្គី និង​ក្រុម​មន្ត្រី​អ៊ុយក្រែន តែងតែ​លើកឡើង​ថា​ការ​ដណ្ដើម​យក​តំបន់​គ្រីមៀរ មក​វិញ គឺជា​គោលដៅ​មួយ​ក្នុង​យុទ្ធនាការ​វាយបក​ទ្រង់ទ្រាយ​ធំ។

គ្រីមៀរ ជា​ឧ​ទ្វីប​សមុទ្រ​ខ្មៅ។ ដែនដី​មួយ​នេះ​មាន​ផ្ទៃដី​ជាង ២៧០០​គីឡូម៉ែត្រ​ក្រឡា ដែល​បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ជាង ២​លាន ៤​សែន​នាក់ តែ ៨០% ជា​ជនជាតិ​រុស្ស៊ី។ រុស្ស៊ី​ដណ្ដើម​យក​គ្រីមៀរ ពី​អ៊ុយក្រែន តាមរយៈ​ការ​ចុះហត្ថលេខា​របស់​អតីត​ប្រធានាធិបតី​អ៊ុយក្រែន លោក វិចទ័រ យ៉ាណាកូវិច នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៤ ដែល​លោក យ៉ាណាកូវិច យល់ព្រម​ឱ្យ​មាន​ការ​បោះឆ្នោត​បំបែក​ទឹកដី​គ្រីមៀរ ទៅ​ឱ្យ​រុស្ស៊ី។ តែ​បុរស​នេះ ត្រូវ​កងទ័ព និង​ប្រជាជន​អ៊ុយក្រែន ដេញ​ទម្លាក់​ពី​អំណាច​ភ្លាមៗ ហើយ​កាត់ទោស​ពី​ទោស​ក្បត់​ជាតិ។ បច្ចុប្បន្ន លោក យ៉ាណាកូវិច និង​គ្រួសារ​កំពុង​រស់នៅ​ក្រុង​មូស្គូ ដោយ​បាន​ចូល​សញ្ជាតិ​រុស្ស៊ី​ទៀត​ផង។

ទាំង​លោក ហ្សេឡេនស្គី និង​លោក វិចទ័រ ប៉េរេសឆេនកូ អតីត​ប្រធានាធិបតី​អ៊ុយក្រែន​ជំនាន់​ក្រោយ​លោក យ៉ាណាកូវិច បាន​សច្ចា​ថា​នឹង​រក​គ្រប់​មធ្យោបាយ​ដើម្បី​យក​គ្រីមៀរ មក​វិញ។ គ្រីមៀរ នៅ​ពេលនេះ​នៅតែ​ស្ថិត​ក្នុង​ផែនទី​របស់​ប្រទេស​អ៊ុយក្រែន ដែល​បាន​តម្កល់​ទុក​នៅ​ឯ​អង្គការ​សហប្រជាជាតិ។

អំពី​អធិបតេយ្យភាព​នៃ​ប្រទេស​អ៊ុយក្រែន នេះ នៅ​ចំពោះ​មុខ​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​ចិន លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក ឌីមីត្រូ គូលីបា បាន​ថ្លែង​ថា អធិបតេយ្យភាព​នៃ​ដែនដី​អ៊ុយក្រែន គឺជា​រឿង​ចាំបាច់​បំផុត។

ក្នុង​ជំនួប​នៅ​ក្នុង​ទីក្រុង​គៀវ លោក លី ហ៊ុយ ប្រេសិត​របស់​លោក ស៊ី ជីនពីង បាន​ជួប​សន្ទនា​ជាមួយ​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន និង​ប្រមុខ​ការទូត ឌីមីត្រូ គូលីបា កាលពី​ថ្ងៃទី​១៧ ឧសភា នៅ​ទីក្រុង​គៀវ។ ក្នុង​ជំនួប​នោះ ប្រមុខ​ការទូត​អ៊ុយក្រែន បាន​ប្រាប់​ប្រេសិត​ចិន​ថា គោលការណ៍​នៃ​ការ​កសាង​សន្តិភាព​យូរ​អង្វែង និង​យុត្តិធម៌​ដោយ​ផ្អែក​លើ​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។

លោក គូលីបា បាន​បញ្ជាក់​ថា អ៊ុយក្រែន​នឹង​មិន​ទទួលយក​ជាដាច់ខាត​នូវ​សំណើ​ដំណោះស្រាយ​ណា​ដែល​ឈាន​ដល់​ការ​បាត់បង់​ទឹកដី​របស់​អ៊ុយក្រែន។

លោក លី ហ៊ុយ ប្រេសិត​ពិសេស​របស់​ចិន​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប-អាស៊ី បាន​ធ្វើ​ទស្សនកិច្ច​នៅ​អឺរ៉ុប ហើយ​បាន​មក​ដល់​ទីក្រុង​គៀវ ក្នុង​គោលដៅ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ដំណោះស្រាយ​ដែល​លោក លី ហ៊ុយ បាន​លើក​ជជែក គឺ​ផែនការ ១២​ចំណុច​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​នា​ពេល​កន្លងមក។

ផែនការ​ចំនួន ១២​ចំណុច​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​បស្ចិម​ប្រទេស ជាពិសេស​សហរដ្ឋ​អាមេរិក រួម​ទាំង​អ៊ុយក្រែន​ខ្លួន​គេ​ផ្ទាល់ ព្រោះ​ពុំ​បាន​កំណត់​អំពី​អធិបតេយ្យ​អ៊ុយក្រែន និង​ការ​ដក​ទ័ព​រុស្ស៊ី​ចេញពី​អ៊ុយក្រែន។

លោក​ប្រមុខ​ការទូត​អ៊ុយក្រែន គូលីបា បាន​បញ្ជាក់​ទៀត​ថា អ៊ុយក្រែន​ពិត​ជា​ត្រូវការ​សន្តិភាព តែ​អ៊ុយក្រែន​មិន​សម្រេច​យក​សន្តិភាព​ក្លែងក្លាយ​ជាមួយ​នឹង​ការ​កាត់​ទឹកដី​ឱ្យ​អ្នក​ឈ្លានពាន​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស