33 C
Phnom Penh

អង្គការ​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​បន្ត​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ការ​កាត់​ដី​ឧទ្យាន​ជាតិ​និង​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា ប្ដេជ្ញា​បន្ត​យុទ្ធនាការ​បញ្ឈប់​ការ​កាត់​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ផ្តល់​ដី​សម្បទាន​ទាំង​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី ជា​បន្តបន្ទាប់។

អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មិថុនា នេះ ដោយ​សំដែង​នូវ​ក្តី​បារម្ភ​ថា ពួកគេ​ពិត​ជា​មិន​យល់​ទាល់​តែសោះ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ចេះ​តែ​បន្ត​កាត់​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ដែល​ជា​ដី​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី សព្វថ្ងៃ​នេះ។

អង្គការ​នេះ​លើកឡើង​ថា ដី​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ដែល​រដ្ឋាភិបាល​បាន​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី មាន​ទំហំ​ធំៗ​ណាស់​ចាប់ពី​រាប់​សិប​ហិកតារ​រហូត​ដល់​រាប់​រយ​ហិកតារ ដែល​មជ្ឈដ្ឋាន​នានា​សំដែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​គំរាមកំហែង​ទៅ​ដល់​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​នៅ​តំបន់​នោះ ព្រោះ​ពួកគេ​បារម្ភ​ខ្លាច​ដូច​ករណី​ភ្នំ​តាម៉ៅ ដែល​ត្រូវ​ក្រុមហ៊ុន​ឯកជន​បំផ្លាញ​ព្រៃឈើ និង​សត្វព្រៃ​នា​ពេល​កន្លងមក។

អង្គការ​ចលនា​មាតា​ធម្មជាតិ បញ្ជាក់​ថា បើ​ទោះបីជា​កន្លងមក​មាន​ការ​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ សកម្មជន​បរិស្ថាន ដោយ​ការ​ស្នើសុំ​ឱ្យ​ក្រសួង​បរិស្ថាន​បញ្ឈប់​ការ​កាត់​ឧទ្យាន​ជាតិ​ឱ្យ​ក្រុមហ៊ុន និង​ដក​សិទ្ធិ​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​នេះ​ក្ដី ក៏​ក្រសួង​នៅតែ​មិន​ទាន់​មាន​ចំណាត់ការ និង​ដំណោះស្រាយ​តាម​សេចក្ដី​ស្នើ​នោះ​ដែរ ក្រៅតែ​ពី​ការ​ចោទប្រកាន់​លើ​ក្រុម​យុវជន​ដែល​បាន​ដាក់​សំណើ​នោះ។

អ្នកស្រី ជឹង សុគន្ធាវី ដែល​ទើប​ទទួល​ងារ​ជា​ឧកញ៉ា​កាលពី​ឆ្នាំ​២០២១ គឺជា​ម្ចាស់​ក្រុមហ៊ុន វ័ន ម៉រ (One More Ltd.) និង​ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co., LTD) ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​២០១៩។

អ្នកស្រី ជឹង សុគន្ធាវី ជា​កូនស្រី​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ អនុប្រធាន​កាកបាទ​ក្រហម​ដែល​ជា​ភរិយា​របស់​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្និទ្ធ​នឹង​គ្រួសារ​របស់​លោក ហ៊ុន សែន។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​កាត់​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​គ្រួសារ​ឧកញ៉ា​ដែល​ស្និទ្ធស្នាល​នឹង​ក្រុម​គ្រួសារ​របស់​លោក​មួយ​នេះ​ជា​បន្តបន្ទាប់។ ជាក់ស្តែង​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​រដ្ឋ​ទំហំ ២៩​ហិកតារ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប និង​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ចំនួន ២២១​ហិកតារ និង ៩៤​អា ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ ឲ្យ​គ្រួសារ​ឧកញ៉ា​មួយ​នេះ​ធ្វើ​ជា​កម្មសិទ្ធិ។

ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​កាត់​ដី​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ខេត្ត​មណ្ឌលគិរី ៧០​ហិកតារ និង​ដី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ទំហំ ៦៤៩​ហិកតារ ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង ឱ្យ​ទៅ​ឧកញ៉ា ជឹង សុគន្ធាវី ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ រួមមាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​កំពង់ធំ ជាដើម ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ទាក់ទិន​នឹង​ករណី​បែងចែក​ដី​រដ្ឋ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ឯកជន​នេះ ឧកញ៉ា​ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន ជាច្រើន​នាក់ រួម​ទាំង​សាច់ញាតិ និង​កូនបង្កើត​របស់​គាត់​ផង បាន​ទទួល​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ធ្វើជា​កម្មសិទ្ធិ ដូចជា​ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា ជឹង សុភាព ឧកញ៉ា ជឹង សុគន្ធាវី ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម សុទ្ធតែ​មាន​ចំណែក​ទទួល​បាន​ដី​ទាំងនោះ។ ជាង​នេះ​ទៀត អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ក៏​ទទួល​បាន​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ពី​ការ​កាត់​ឆ្វៀល​នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៣ យុវជន​ស្រឡាញ់​បរិស្ថាន​ជិត ២០​នាក់ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ដកហូត​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​ចំនួន​៣ ពី​វិស័យ​ឯកជន​ឲ្យ​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ក្នុង​នោះ​ពួកគេ​ក៏​បាន​ស្នើ​ឱ្យ​បញ្ឈប់​សកម្មភាព​កាត់​ដី​ព្រៃ​ធម្មជាតិ​នៅ​តំបន់​ការពារ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ ប៉ុន្តែ​ត្រូវ​ក្រសួង​បរិស្ថាន ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ក្រុម​យុវជន​ទាំងនោះ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស