30 C
Phnom Penh

ក្រសួង​ការបរទេស​កម្ពុជា​ថា​ដំណើរការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ខណៈ​បារាំង-អូស្ត្រាលី-អាល្លឺម៉ង់​សម្ដែង​ការ​ខកចិត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៣ កក្កដា កន្លង​ទៅ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​គណបក្ស​នយោបាយ​ច្រើន​បាន​ចូលរួម ខណៈ​ប្រទេស​បារាំង អូស្ត្រាលី និង​អាល្លឺម៉ង់ បាន​សម្ដែង​ការ​ខកចិត្ត​ដោយសារ​ការ​បោះឆ្នោត​នេះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៤ កក្កដា នេះ​ថា ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ពិតប្រាកដ​ពី​ភាព​ចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា តាមរយៈ​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ដ៏​ច្រើន​លើសលប់​ដែល​ជា​ការ​ស្ម័គ្រចិត្ត​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គ្រប់​រូប។

ប្រភព​ដដែល​លើកឡើង​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ចំពោះ​ពហុបក្ស​នយោបាយ និង​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព ក្នុង​នាម​ជា​ប្រទេស​អធិបតេយ្យ និង​ឯករាជ្យ ព្រមទាំង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​តាម​ច្បាប់​ជា​ធរមាន ឯករាជភាព​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។

កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ជុំវិញ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​ទើប​នឹង​បញ្ចប់​នេះ​ថា ប្រទេស​អូស្ត្រាលី​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បរិយាកាស​នៃ​ការ​បោះឆ្នោត​ជាតិ និង​គន្លង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ពេល​នេះ ព្រោះ​ថា​នៅ​មុន​ការ​បោះឆ្នោត​នេះ​មាន​ការ​ដក​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង ក៏ដូចជា​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

ប្រទេស​អូស្ត្រាលី លើកឡើង​ថា ការ​រឹតត្បិត​នានា​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ព័ត៌មាន​បញ្ចេញមតិ​របស់​ពួកគេ​ដោយ​សេរី និង​មាន​ជម្រើស​ពិតប្រាកដ​នោះ​ទេ ដូច្នេះ​ក្នុង​នាម​ប្រទេស​អូស្ត្រាលី​ជា​ដៃគូ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ក្នុង​ការ​គាំទ្រ​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​បាន​នូវ​សន្តិភាព ការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​មិត្ត​យូរ​អង្វែង ដើម្បី​បន្ត​នូវ​បំណង​ប្រាថ្នា​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នា​ពេល​អនាគត។

ចំណែក​ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​បង្ហាញ​ការ​សោកស្តាយ​ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ​ផង​ដែរ ព្រោះតែ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​អវត្តមាន​គណបក្ស​ប្រឆាំង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពហុ​និយម​នៃ​ដំណើរការ​នៃ​ការ​បោះឆ្នោត​យ៉ាង​ធ្ងន់ធ្ងរ។

ប្រទេស​បារាំង អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​សមាជិក​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ចាំបាច់​របស់​ពលរដ្ឋ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ជាមួយ​នឹង​បទប្បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។

ដោយឡែក​ប្រទេស​អាល្លឺម៉ង់ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៤ កក្កដា ដែរ​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​នយោបាយ​តឹងរ៉ឹង ដែល​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​មាន​កន្លែង​តិចតួច​ក្នុង​ការ​បញ្ចេញមតិ និង​គ្មាន​ជម្រើស​ពិតប្រាកដ​នៅ​ក្នុង​ប្រអប់​លើ​សន្លឹកឆ្នោត ព្រោះ​ថា​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ដែល​ជា​មូលដ្ឋាន​សម្រាប់​សង្គម​ប្រជាធិបតេយ្យ។

ប្រទេស​អាល្លឺម៉ង់ បញ្ជាក់​ថា ពួកគេ​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​គណបក្ស​ប្រឆាំង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នេះ ហើយ​ក៏​មាន​ការ​ខកចិត្ត​ចំពោះ​សាលក្រម​តុលាការ​ប្រឆាំង​នឹង​លោក កឹម សុខា ផង​ដែរ ដែល​មិន​អាច​ឱ្យ​គាត់​ចូលរួម​ការ​បោះឆ្នោត​នេះ​បាន។

រដ្ឋាភិបាល​អាល្លឺម៉ង់ សង្កត់​ធ្ងន់​ថា ការ​រឹតត្បិត​ហួសហេតុ​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា “សំឡេង​ប្រជាធិបតេយ្យ” បាន​កាត់បន្ថយ​លំហ​សេរីភាព​ប្រជាពលរដ្ឋ និង​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ភ្លាម សហរដ្ឋ​អាមេរិក​ក៏​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ភ្លាមៗ​ផង​ដែរ ដោយ​ប្រកាស​ផ្អាក​កម្មវិធី​ជំនួយ​មួយ​ចំនួន និង​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ទិដ្ឋាការ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​គ្រាក់ៗ​មួយ​ចំនួន​ថែម​ទៀត ដោយសារតែ​គេ​មើល​ឃើញ​ថា​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​ដែល​មិន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​តម្លាភាព។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៤ កក្កដា នេះ​ថា ប្រជាពលរដ្ឋ​ដែល​មិន​ពេញចិត្ត​នឹង​ដំណើរការ​បោះឆ្នោត​នេះ​ប្រមាណ​ជា ៤​លាន​នាក់ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​ថា​ការ​បោះឆ្នោត​នេះ គឺ​នៅ​ពីក្រោយ​បញ្ជា​ដោយ​លោក ហ៊ុន សែន ហើយ​គាត់​ក៏​ជា​អ្នក​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ដែរ ដូច្នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​នាំគ្នា​គូស​ខ្វែង​សន្លឹកឆ្នោត​ទាំងនោះ​ចោល​ដើម្បី​បដិសេធ​ការ​បោះឆ្នោត​នេះ។

ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ គណបក្ស​ដែល​មាន​សក្ដានុពល​ចូលរួម គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ប៉ុណ្ណោះ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​អ្នក​គាំទ្រ​ជិត​កន្លះ​ប្រទេស និង​គណបក្ស​ភ្លើង​ទៀន ដែល​មាន​អ្នកគាំទ្រ​ជាង ១​លាន ៦​សែន​នាក់ ត្រូវ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បិទ​ខ្ទប់​មិន​ឱ្យ​ចូលរួម​បោះឆ្នោត ខណៈ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​ជាប់​ទោស​ទាំង​អយុត្តិធម៌​ដែល​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​នេះ​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស