30 C
Phnom Penh

គ.ជ.ប ប្រកាស​ប្ដូរ​យក​ថ្ងៃទី​៤ សីហា ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ពី​ថ្ងៃទី​៩ ខែ​សីហា មក​នៅ​ថ្ងៃទី​៤ ខែ​សីហា និង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នា​ព្រឹក​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១ សីហា នេះ។ ចំណែក​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​វិញ គ.ជ.ប សម្រេច​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​ផ្លូវការ​អំពី​លទ្ធផល​បោះឆ្នោត ដោយ​ប្តូរ​ពី​ថ្ងៃទី​៩ សីហា មក​ថ្ងៃទី​៤ សីហា និង​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣។

ចំពោះ​ការ​បែងចែក​អាសនៈ​ដែល​គណបក្ស​ត្រូវ​ទទួល​បាន​វិញ នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​ដោយ គ.ជ.ប និង​ធ្វើ​ការ​កំណត់​បេក្ខជន​ជាប់​ឆ្នោត​អំឡុង​ពេល​នោះ​ផង​ដែរ។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ កន្លងទៅ​នេះ​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ខ្លួន​បាន​ឈ្នះ​ការ​បោះឆ្នោត​ច្រើន​លើសលប់​ក្នុង​ចំណោម ១៨​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត ប៉ុន្តែ​ក្នុង​ចំណោម ១៨​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះឆ្នោត គឺ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ឡើយ។

បើ​តាម​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា កន្លងទៅ ក្នុង​ចំណោម​អាសនៈ​ទាំង ១២៥ នៅ​ក្នុង​រដ្ឋសភា​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១២០​អាសនៈ រីឯ​អាសនៈ​នៅ​សល់ ៥ ទៀត បាន​ទៅ​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

តែ​យ៉ាងណា ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​កម្ពុជា ត្រូវ​បាន​បណ្ដា​ប្រទេស​លោក​សេរី​ចាត់ទុក​ថា​ធ្វើឡើង​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌​ឡើយ ដោយសារតែ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បិទ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ខណៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​វិញ​រង​ការ​បង្ខំ និង​គំរាមកំហែង​គ្រប់​រូបភាព​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ពួកគេ​ទៅ​បោះឆ្នោត ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស