34.7 C
Phnom Penh

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក នេត សាវឿន ស៊ើប​អង្កេត​លើ​សាច់ញាតិ​និង​មន្ត្រី​ធំៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រឿងញៀន លោក នេត សាវឿន បើក​ការ​ស៊ើបអង្កេត​វះកាត់​សាច់ញាតិ និង​មន្ត្រី​ធំៗ​ដូចជា​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា ម៉ុង ឫទ្ធី ទើប​អាច​ទប់ស្កាត់​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព។

ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​របាយការណ៍​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ជាង ៤​ពាន់​ករណី ក្នុង​នោះ​មាន​សារធាតុ​ញៀន​ជាង ២​តោន និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ៩០០​គីឡូក្រាម ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​នាក់ (១១៧០៦​នាក់)។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ជំរុញ​និង​លើក​ទឹកចិត្ត​ឲ្យ​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក នេត សាវឿន មាន​វិធានការ​ជាក់លាក់។ មួយ​វិញ​ទៀត លោក​ចង់​ឃើញ​អាជ្ញាធរ​គ្រឿងញៀន​បើក​ការ​ស៊ើប​អង្កេត​លើ​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា ម៉ុង ឫទ្ធី ជាដើម ដោយសារ​អ្នក​ទាំងនេះ​ធ្លាប់​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ថា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​បាន លោក​ថា​លុះត្រាតែ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រឿងញៀន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ត្រូវ​ហ៊ាន​វះកាត់​សាច់ញាតិ និង​មន្ត្រី​ធំៗ​ចាប់ផ្ដើម​ពី​ការ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើពុករលួយ បើសិន​រក​ឃើញ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន។

លោក​យល់​ថា មនុស្ស​ជាង ១​ម៉ឺន​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​គ្រឿងញៀន​ចាប់​ខ្លួន ភាគច្រើន​ជា​ជន​រងគ្រោះ​ពី​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​តែប៉ុណ្ណោះ ខណៈ​មេខ្លោង​ធំៗ​ដែល​ជួញដូរ ផលិត និង​ចែកចាយ សមត្ថកិច្ច​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅឡើយ​ចាប់តាំងពី​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រហូត​ដល់​របប​លោក ហ៊ុន ម៉ាណែត ដឹកនាំ។

ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បាន​តែងតាំង​លោក នេត សាវឿន អតីត​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ក្មួយ​ប្រសា​របស់​លោក ហ៊ុន សែន ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជំនួស​លោក កែ គឹមយ៉ាន កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣។

រដ្ឋាភិបាល​អាណត្តិ​ចាស់​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រយៈពេល​ជិត ៤០​ឆ្នាំ​មក​នេះ បាន​បរាជ័យ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដឹកនាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ប្ដេជ្ញា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បន្ត​ពី​ឪពុក​ឲ្យ​មាន​ប្រសិទ្ធភាព។

បរាជ័យ​នេះ ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ចុះផ្សាយ​ថា គ្រួសារ​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់ ហើយ​អ្នក​ដែល​ចែកចាយ​ធំ គឺជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន។

ជាមួយ​គ្នា​នេះ បទល្មើស​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៧ អាជ្ញាធរ​ចាប់​បាន​គ្រឿងញៀន​ជិត ៣០០​គីឡូក្រាម (២៩៦​គីឡូក្រាម) នៅ​ឆ្នាំ​២០១៨ ចាប់​បាន​ជិត ៥០០​គីឡូក្រាម (៤៧២,៥៣​គីឡូក្រាម) ហើយ​ឆ្នាំ​២០១៩ ចាប់​បាន ៧៥០​គីឡូក្រាម។ ចំណែក​នៅ​ឆ្នាំ​២០២០ ចាប់​យក​បាន​ជិត ៤​ពាន់​គីឡូក្រាម (៣៨៧៦​គីឡូក្រាម) ខណៈ​ឆ្នាំ​២០២១ ចាប់​បាន​ជាង ៤៦០០​គីឡូក្រាម (៤៦៨៩​គីឡូក្រាម) និង​ឆ្នាំ​២០២២ ចាប់​បាន​ជាង ១​ម៉ឺន ៤​ពាន់​គីឡូក្រាម (១៤៩១៩​គីឡូក្រាម)។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វិរិទ្ធ លើកឡើង​ថា តួលេខ​ជនល្មើស​ប្រព្រឹត្ត​គ្រឿងញៀន​ជាង ១​ម៉ឺន​នាក់​នេះ​ជា​ចំនួន​ដែល​អាជ្ញាធរ​គ្រប់គ្រង និង​បង្ក្រាប​បាន ខណៈ​បទល្មើស​ជាក់ស្ដែង​ប្រមាណ ៣​ម៉ឺន​នាក់​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​មិន​អាច​គ្រប់គ្រង​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស