36 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់​ដៃគូ​អភិវឌ្ឍន៍​ឱ្យ​បញ្ឈប់​បំណង​ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​តាមរយៈ​ជំនួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ផ្ញើ​សារ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​ប៉ុនប៉ង​ចង់​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា តាមរយៈ​ការ​ប្រើប្រាស់​ជំនួយ​របស់​ខ្លួន ក្រោម​ហេតុផល​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​បង្ក​អស្ថិរភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន។

ថ្លែង​នៅ​ក្នុង​មហាសន្និបាត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​លើក​ទី​៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា លោក ហ៊ុន សែន លើកឡើង​ថា សូម​កុំ​ចាំ​បាត់​សន្តិភាព ទើប​ស្វែងរក​សន្តិភាព។

ទន្ទឹម​នឹង​នេះ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​មាន​បទពិសោធន៍​ដឹកនាំ​រដ្ឋាភិបាល​ជាង ៣៨​ឆ្នាំ បាន​ក្រើនរំឮក​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍ ដែល​ធ្លាប់​មាន​បំណង​ចង់​លូក​ដៃ​ចូល​ការ​ដឹកនាំ​រដ្ឋាភិបាល​នោះ ឱ្យ​បញ្ឈប់​សកម្មភាព។

លោក ហ៊ុន សែន អះអាង​ថា ការ​ប៉ុនប៉ង​ដើម្បី​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា នៅតែ​មាន​តាមរយៈ​បដិវត្តន៍​ពណ៌។ លោក​បន្ត​ថា លោក​សូម​បញ្ជូន​សារ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា សូម​មេត្តា​បញ្ឈប់​នូវ​ការ​ជ្រៀតជ្រែក​តាមរយៈ​ការ​ប្រើប្រាស់​ជំនួយ​របស់​ខ្លួន ក្រោម​ហេតុផល​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដើម្បី​បង្ក​អស្ថិរភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ហ៊ុន សែន បន្ត​ថា លោក​សង្ឃឹម​ថា​ដៃគូ​អភិវឌ្ឍន៍​ទាំងនោះ​នឹង​យល់​ពី​ភាព​ចាំបាច់​របស់​កម្ពុជា ក្នុង​ការ​រក្សា​សន្តិភាព និង​ស្ថិរភាព​របស់​ខ្លួន។

អ្នក​នាំពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កញ្ញា Stephanie Arzate ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ថា ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស គឺជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​នៅ​កម្ពុជា និង​ជុំវិញ​ពិភពលោក។ អ្នកស្រី​បន្ត​ថា អាមេរិក​មិន​គាំទ្រ​បុគ្គល ស្ថាប័ន ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ហើយ​ការ​ជួប​ជាមួយ​បុគ្គល​នានា ជា​បែបបទ និង​ការ​អនុវត្ត​នៃ​ការទូត​របស់​អាមេរិក។

អ្នកវិភាគ​នយោបាយ លោក សេង សារី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កន្លង​មក​ថា រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​នយោបាយ​ដោយ​យក​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​សត្រូវ ដែល​លោក​ចាត់ទុក​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដើម្បី​ចំណេញ​ប្រយោជន៍​នយោបាយ។ រដ្ឋាភិបាល​កម្ពុជា​តែងតែ​អះអាង​ថា ខ្លួន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អព្យាក្រឹត្យ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​លម្អៀង​ទៅ​រក​ចិន។

ប្រភព​ដដែល​លើកឡើង​ថា នៅ​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ គេ​ថា​ចាប់​យក​សត្រូវ​នយោបាយ កំណត់​សត្រូវ​នយោបាយ ហើយ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ទៅ​បង្ហាញ​ទៅ​ពលរដ្ឋ​ថា​សូម្បីតែ​អាមេរិក​ក៏​ខ្លួន​ហ៊ាន​ឈ្លោះ​ជាមួយ​ដែរ សូម្បីតែ​អាមេរិក​ក៏​ខ្លួន​ហ៊ាន​តតាំង​ជាមួយ​ដែរ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ។ ចំណុច​នេះ លោក​សង្កេត​ឃើញ​ថា វា​ហាក់ដូចជា​ស្រដៀង​ទៅ​នឹង​ចុង​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​ប្រហែល​ជា​អាច​ឆ្លុះបញ្ចាំង​ថា​វា​អាច​ជា​កាលៈទេសៈ​មួយ​នៃ​ចុង​សម័យ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​លើកឡើង​ថា ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការ​ការពារ​សិទ្ធិមនុស្ស និង​អប់រំ​ពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​អំពី​សិទ្ធិ​របស់​ខ្លួន​នោះ គឺ​ពុំ​ដែល​ធ្វើ​ការងារ​ក្រៅ​អំពី​បេសកកម្ម​របស់​អង្គការ​ខ្លួន​នោះ​ទេ។

ប្រភព​ដដែល​អះអាង​ថា សមាគម​របស់​លោក​តែងតែ​ធ្វើការ​សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​នឹង​ចង្អុល​បង្ហាញ​អំពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ជួយ​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​សិទ្ធិមនុស្ស ឬ​ក៏​ត្រូវ​គេ​ប្រើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់​ពេល។ ក្នុង​នាម​សង្គម​ស៊ីវិល គឺជា​កញ្ចក់​ឆ្លុះ​បង្ហាញ​រដ្ឋាភិបាល ពុំ​មែន​ធ្វើការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស