32 C
Phnom Penh

ប្រធានាធិបតី​អ៊ុយក្រែន ស្នើសុំ​ជំនួយ​ដោះ​មីន​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) ស្នើសុំ​ជំនួយ​ដោះ​មីន​បន្ថែម​ទៀត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារតែ​ប្រទេស​រុស្ស៊ី បាន​ពង្រាយ​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ទាំង​លើ​គោក និង​លើ​ទឹក​ក្នុង​ទឹកដី​របស់​ខ្លួន​កាន់តែ​ច្រើន​ឡើងៗ ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​ប្រមាណ​ជា ១២​លាន​គ្រាប់ ឬ​ច្រើន​ជាង​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី (Volodymyr Zelensky) បាន​ផ្តល់​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​អន្តរជាតិ​មកពី​តំបន់​អាស៊ី រួម​ទាំង​អ្នក​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​អង្គារ ទី​២៨ ខែ​វិច្ឆិកា ថា កងទ័ព​អ៊ុយក្រែន​នៅ​ពេលនេះ​កំពុង​តែ​ត្រូវការ​ជំនួយ​ជាបន្ទាន់ ដែល​អាច​ដោះ​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ក្នុង​ទឹកដី​របស់​ខ្លួន​បាន ដូចជា ការ​បង្កើន​ចំនួន​ឧបករណ៍​ដោះ​មីន បង្កើន​ចំនួន​អ្នកជំនាញ​ដោះ​មីន និង​បង្កើន​បច្ចេកវិទ្យា​ដោះ​មីន ជាដើម ដើម្បី​ធានា​អាយុជីវិត​កងទ័ព និង​អាយុជីវិត​ពលរដ្ឋ​អ៊ុយក្រែន ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី នៅ​ពេលនេះ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ខ្លាំង​ដែល​បាន​ផ្តល់​ជំនួយ​ក្នុង​ការ​ដោះ​មីន​ដល់​ខ្លួន ដោយ​ការ​បញ្ជូន​អ្នក​បង្រៀន​ដោះ​មីន​មក​ឱ្យ​អ៊ុយក្រែន កាលពី​ចុង​ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

មន្ត្រី​យោធា​អ៊ុយក្រែន​ខ្លះ​អះអាង​ថា គ្រាប់មីន​ដែល​កងទ័ព​រុស្ស៊ី បាន​ពង្រាយ​លើ​ទឹកដី​អ៊ុយក្រែន នៅ​ពេលនេះ​មាន​ចំនួន​រហូត​ដល់​ទៅ​ប្រមាណ​ជា ១២​លាន​គ្រាប់ ឬ​ច្រើន​ជាង​នេះ ហើយ​មីន​ទាំងនោះ​មាន​ទាំង​លើ​គោក និង​លើ​សមុទ្រ ជាពិសេស​គឺ​នៅ​កំពង់ផែ​អូដេសា ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ជា​ច្រក​នាំចេញ​របស់​អ៊ុយក្រែន​ទៅ​កាន់​ពិភពលោក​តែម្តង ដូចជា​ទៅ​កាន់​ប្រទេស​អាហ្វ្រិក ទៅ​កាន់​តំបន់​អាស៊ី និង​ទៅ​កាន់​តំបន់​អឺរ៉ុប ជាដើម។

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សហការ​ជាមួយ​ប្រទេស​ជប៉ុន ក្នុង​ការ​បញ្ជូន​ក្រុម​គ្រូ​ជំនាញ​បច្ចេកទេស​បោស​សម្អាត​គ្រាប់មីន​ចំនួន ៣​នាក់​មកពី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ដើម្បី​ជួយ​ផ្តល់​ការ​ហ្វឹកហ្វឺន​ជូន​អ្នក​ដោះ​មីន​នៅ​ប្រទេស​អ៊ុយក្រែន ដែល​ត្រូវ​ធ្វើ​ឡើង​ពីរ​ដំណាក់កាល គឺ​លើក​ទី​១ ត្រូវ​បញ្ជូន​ទៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២២ និង​លើក​ទី​២ គឺ​ត្រូវ​បញ្ជូន​ទៅ​ក្នុង​ត្រីមាស​ទី​១ ក្នុង​ឆ្នាំ​២០២៣ នេះ។

សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​កំពុង​ជាប់​ស្អិត​ដូច​កៅស៊ូ​នៅ​ពេលនេះ គឺ​មាន​រយៈពេល ៦៤២​ថ្ងៃ​ហើយ។ ក្រៅពី​បញ្ហា​ដោយសារ​គ្រាប់មីន អ៊ុយក្រែន​ក៏​មាន​បញ្ហា​ចំពោះ​មុខ​ផ្សេង​ទៀត​ដែរ គឺ​អ៊ុយក្រែន កំពុងតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ខ្លួន​ពី​ការ​បាញ់​ផ្លោង​គ្រាប់​មីស៊ីល និង​ដ្រូន​របស់​រុស្ស៊ី ដែល​ជា​ដ្រូន​ផ្តល់​ដោយ​ប្រទេស​អ៊ីរ៉ង់ កន្លង​មក ខណៈ​ដ្រូន​ទាំងនោះ​ក៏​ធ្លាប់​បាន​ហោះ​ចូល​ទៅ​ក្នុង​ទីក្រុង​គៀវ ចំនួន ៧៥​គ្រឿង​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ ប៉ុន្តែ​ត្រូវ​កងទ័ព​អ៊ុយក្រែន​បាញ់​ទម្លាក់​អស់ ៧៤​គ្រឿង ខណៈ​មួយ​គ្រឿង​ទៀត បាន​ធ្លាក់​ចំ​សាលា​មតេ្តយ្យ​បណ្តាល​ឱ្យ​មាន​ក្មេង​រង​របួស ប៉ុន្តែ​មិន​មាន​មនុស្ស​ស្លាប់​នោះ​ទេ។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បន្ថែម​ថា ក្រៅពី​បញ្ហា​ប្រឈម​ខាងលើ អ៊ុយក្រែន​ក៏​មាន​បញ្ហា​ចំពោះ​មុខ​បន្ថែម​ទៀត​ដែរ​ចំពោះ​ការ​ផ្តល់​សព្វាវុធ​ធុន​ធ្ងន់ ដូចជា​កាំភ្លើង Artillery ពី​កូរ៉េខាងជើង​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី រាប់​ម៉ឺន​គ្រាប់​សម្រាប់​ផ្លោង​ដាក់​អ៊ុយក្រែន សព្វថ្ងៃ​នេះ ជាដើម។

ចំណែក​ភរិយា​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី គឺ​អ្នកស្រី អូឡេណា ហ្សេឡេនស្គី (Olena Zelenskyy) អះអាង​ថា អ្នកស្រី​ស្នើសុំ​ឱ្យ​មាន​ជំនួយ​មនុស្សធម៌​កាន់តែ​ច្រើន​បន្ថែម​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​អ៊ុយក្រែន ដែល​រស់នៅ​តាម​តំបន់​មាន​ជម្លោះ ព្រោះ​ថា​ពលរដ្ឋ​អ៊ុយក្រែន​សព្វថ្ងៃ​នេះ កំពុង​ខ្វះខាត​សម្ភារៈ​ជាច្រើន ដូចជា ភួយ អាវ​រងា ថ្នាំពេទ្យ ព្រមទាំង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត​ផង​ដែរ។

គិត​ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ គឺ​មាន​រយៈពេល ៦៤២​ថ្ងៃ​ហើយ ខណៈ​សង្គ្រាម​នេះ​ហាក់​មិន​ទាន់​មាន​ពន្លឺ​ក្នុង​ការ​ចរចា​បញ្ចប់​ដើម្បី​រក​សន្តិភាព​នៅឡើយ​ទេ ហើយ​ការ​ផ្ទុះ​សង្គ្រាម​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​អ៊ុយក្រែន បិទ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ទាំងស្រុង ខណៈ​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​នេះ ត្រូវ​ចូល​ទៅ​ប្រទេស​ប៉ូឡូញ ដោយ​ចំណាយ​ពេល​ជិះ​រថភ្លើង​ប្រមាណ​ជាង ១០​ម៉ោង​ឯណោះ ដោយសារតែ​ជើង​យន្តហោះ​របស់​ប្រទេស​អ៊ុយក្រែន ត្រូវ​រង​នូវ​ការ​ចាំ​ស្ទាក់​វាយប្រហារ​ពី​កងទ័ព​រុស្ស៊ី​គ្រប់​ពេល​ទាំងអស់។

ជុំវិញ​បញ្ហា​នេះ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី កំពុងតែ​បន្សល់​ទុក​នូវ​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ ដែល​នៅ​រាយប៉ាយ​ក្នុង​ដី​អ៊ុយក្រែន ហើយ​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ទាំងនោះ មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាជន​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​ធ្វើ​ឲ្យ​ដី​កសិកម្ម​របស់​អ៊ុយក្រែន​ប្រើ​ការ​លែង​កើត​ក្នុង​រយៈពេល​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត​ផង​ដែរ។

ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​អះអាង​ថា កងទ័ព​រុស្ស៊ី​បាន​ប្រើប្រាស់​គ្រាប់មីន​យ៉ាងហោចណាស់ ៧​ប្រភេទ ដែល​បាន​បង្កៃ​ក្នុង​ដី​តាម​សមរភូមិ​ជាច្រើន ក្នុង​នោះ កសិករ​អ៊ុយក្រែន​ជាច្រើន​នាក់​បាន​រង​របួស និង​ស្លាប់ នៅ​ពេល​ដែល​ពួកគេ​ព្យួរ​ដី​កសិកម្ម​ប៉ះ​នឹង​គ្រាប់មីន​ទាំងនោះ។

កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ អ្នកជំនាញ​ដោះ​មីន​របស់​កម្ពុជា ជប៉ុន ប៉ូឡូញ និង​សហរដ្ឋ​អាមេរិក បាន​បណ្តុះបណ្តាល​បុគ្គលិក​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន ឱ្យ​ចេះ​ប្រើ​ឧបករណ៍​ដោះ​មីន​របស់​ប្រទេស​ជប៉ុន នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​ការ​បណ្តុះបណ្តាល​នេះ​បាន​ចាប់ផ្តើម​តាំង​អំឡុង​ខែ​មករា ឆ្នាំ​២០២៣ មក ខណៈ​គ្រាប់មីន​មិន​ទាន់​ផ្ទុះ និង​គ្រាប់បែក​ជាច្រើន​ប្រភេទ​ដែល​ត្រូវ​បាន​កងទ័ព​រុស្ស៊ី ពង្រាយ គឺ​មាន​ដល់​ទៅ​ប្រមាណ​ជា ៤០​ភាគរយ​នៃ​ផ្ទៃដី​របស់​អ៊ុយក្រែន ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស