កូនប្រុសទី៣ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ថ្លែងថា បាននាំគ្នាបង្ហាញសារថ្កោលទោសលើពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលបានគប់ស្បែកជើងទៅលើលោក ហ៊ុន សែន អំឡុងលោកជួបជាមួយអ្នកគាំទ្រនៅសហរដ្ឋអាមេរិក។
ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងត្រូវជាកូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ានី បានចេញប្រតិកម្មភ្លាមៗលើហ្វេសប៊ុក ដោយចាត់ទុកការគប់ស្បែកជើងថាជាទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។
លោកបន្តថា ទង្វើនេះក្នុងនាមខ្លួនជាកូន និងជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ ហើយថាខ្លួននឹងចាំ និងមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ ដោយថាអស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល។
ចំណែករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន ក៏បានបង្ហាញសារលើបណ្ដាញសង្គមហ្វេសប៊ុកដោយចាត់ទុកសកម្មភាពរបស់លោក អ៊ុក ទូច ថាជាទង្វើដ៏ថោកទាប ប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ។
អ្នកស្រីថា អ្នកស្រីមិនគាំទ្រនូវទង្វើរបស់បុគ្គល អ៊ុក ទូច និងសូមថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើដ៏ថោកទាប ដែលប្រមាថមកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលដែលសម្តេចកំពុងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ស្របពេលដែលប្រជាពលរដ្ឋខ្មែរដែលរស់នៅកាណាដា និងអាមេរិកជាង ២ពាន់នាក់ បានមកគាំទ្រ និងទទួលស្វាគមន៍សម្តេច។
អតីតទាហានសម័យសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលបច្ចុប្បន្នកំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក អ៊ុក ទូច បានដោះស្បែកជើងប៊ូរបស់ខ្លួនគប់សំដៅទៅលោក ហ៊ុន សែន ដែលកំពុងជួបជាមួយអ្នកគាំទ្រ និងថតហ្សែលហ្វី (Selfie) ជាមួយលោក។

ការគប់ស្បែកជើងនេះ បានធ្វើឱ្យអ្នកគាំទ្រ រួមទាំងលោក ហ៊ុន សែន ស្រឡាំងកាំង ហើយក្រោយមក លោក អ៊ុក ទូច ដែលជាអ្នកគប់ស្បែកជើង ត្រូវបានសមត្ថកិច្ចអាមេរិកបង្គាប់ឱ្យចាកចេញពីកន្លែងកើតហេតុភ្លាមៗ។
លោក អ៊ុក ទូច បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលលោកគប់ស្បែកជើងទៅលោក ហ៊ុន សែន ដោយសាររូបគាត់ខឹងនឹងលោក ហ៊ុន សែន ដែលបានសម្លាប់គ្រួសារគាត់ និងពលរដ្ឋខ្មែរជាច្រើននាក់អំឡុងពេលដែលលោកដឹកនាំប្រទេសប្រមាណ ៤០ឆ្នាំមកនេះ។
ស្រដៀងគ្នានេះដែរ កាលពីឆ្នាំ២០១៧ ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ លោកស្រី សំ សុខា ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ ចោទពីបទ «ប្រមាថ» និង «ញុះញង់ឱ្យមានការរើសអើង» ក្រោយពីគាត់បានបង្ហោះរូបភាពលើបណ្ដាញសង្គមពីសកម្មភាពយកស្បែកជើងគប់ទៅលើស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានបក្ស និងលោក ហេង សំរិន ប្រធានកិត្តិយសបក្ស និងជាប្រធានរដ្ឋសភា។
ក្រោយពីមានការចាប់ខ្លួននោះ ស្ត្រីរូបនេះក៏បានភៀសខ្លួនទៅរស់នៅប្រទេសថៃ ប៉ុន្តែក្រោយមក អាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរថៃ ដើម្បីនាំខ្លួនយកដាក់ពន្ធនាគារនៅប្រទេសកម្ពុជាវិញ៕