32.5 C
Phnom Penh

ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជាង​៥៧​ម៉ឺន​នាក់​ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​៤៩​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប នឹង​បញ្ចប់​ដំណើរការ​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ៤៩​ថ្ងៃ​ដែល​មាន​ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​គិត​ត្រឹម​ថ្ងៃ​ពុធ មាន​ចំនួន​ជាង ៥៧​ម៉ឺន​នាក់ ខណៈ​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​មាន​ជាង ២៤​ម៉ឺន​នាក់។

គ.ជ.ប បាន​ដាក់​ដំណើរការ​កម្មវិធី​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​រយៈពេល ៤៩​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែ​តុលា រហូត​ដល់​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ ហើយ​ដំណើរការ​នេះ​នឹង​បិទ​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃទី​៨ ធ្នូ ខណៈ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន ៥៧​ម៉ឺន ៣១៥៩​នាក់ និង​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចំនួន ២៤​ម៉ឺន ៤៩៣០​នាក់ គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ។

កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ជូនដំណឹង​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២ នេះ មាន​គោលដៅ​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាព​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ។

គណៈកម្មាធិការ​អាជ្ញា​កណ្ដាល​នេះ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទើប​នឹង​គ្រប់​អាយុ ១៨​ឆ្នាំ គឺ​អ្នក​ដែល​កើត​មុន ឬ​ត្រឹម​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០០៥ ឬ​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត ឬ​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ទីលំនៅ​ចូល​ទៅ​ឃុំ-សង្កាត់​ថ្មី សូម​នាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ពេល​ខាងមុខ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​៧ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ដែល​ត្រូវ​ដំណើរការ​រយៈពេល ៥០​ថ្ងៃ និង​ចែក​ជា ៣​ដំណាក់កាល គឺ​ចុះឈ្មោះ​នៅ​សាលា​ឃុំ-សង្កាត់ ១៥​ថ្ងៃ ចុះឈ្មោះ​ចល័ត​នៅ​តាម​ភូមិ ២៥​ថ្ងៃ និង​ចុះឈ្មោះ​នៅ​សាលា​ឃុំ-សង្កាត់​វិញ​រយៈពេល ១០​ថ្ងៃ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ ធ្នូ នេះ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅតែ​មិន​អាច​រៀបចំ​អនុវត្ត​នូវ​ដំណើរការ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​បាន​ល្អ​នៅឡើយ ត្បិត​មន្ត្រី​របស់​ខ្លួន​បំពេញ​ការងារ​នៅ​មូលដ្ឋាន​នៅតែ​បង្ក​ភាព​ស្មុគស្មាញ​សម្រាប់​ប្រជាពលរដ្ឋ​ដដែល។

ជាក់ស្តែង ខ្លួន​លោក​ផ្ទាល់​ដែល​ជា​សកម្មជន​នយោបាយ​ជាន់ខ្ពស់​មួយ​រូប ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ៤​លើក ដើម្បី​អាច​ចុះឈ្មោះ​បោះឆ្នោត​បាន ដោយសារតែ​ការ​បំពេញ​ការងារ​មិន​បាន​គោរព​តាម​តួនាទី​របស់​ពួកគេ។

លោក ហ៊ុន កុសល លើកឡើង​ថា បញ្ហា​ដែល​កើតមាន​ចំពោះ​លោក​នេះ​ក៏​ទំនង​ជា​កើតមាន​យ៉ាង​ច្រើន​នៅ​ទូទាំង​ប្រទេស​ដែរ ខណៈ​ប្រជាពលរដ្ឋ​ខ្លះ​មិន​បាន​តវ៉ា​នៅ​ពេល​ដែល​មន្ត្រី​មួយ​ចំនួន​បាន​បង្ក​ការ​លំបាក​ដល់​ពួកគាត់ ឬ​អាច​មកពី​ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ចង់​ទៅ​បោះឆ្នោត​ផង។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​មាន​ភាព​អព្យាក្រឹត្យ ឯករាជភាព និង​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ធានា​នូវ​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ប្រកប​ដោយ​តម្លាភាព។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដែល​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស