28.4 C
Phnom Penh

លោក ហ៊ុន សែន ហាម​អន្តរជាតិ​លូក​ដៃ​រឿង​បិទ VOD និង​មិន​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ប្រកាស​ជា​សាធារណៈ​ហាម​មិន​ឲ្យ​អន្តរជាតិ​លូក​ដៃ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​បាន​បិទ​សារព័ត៌មាន VOD កាលពី​ពេល​ថ្មីៗ​នេះ ក្រោម​ហេតុផល​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​របស់​ជនបរទេស​ទាំងនោះ​ឡើយ ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បើក​ឡើងវិញ​ជាដាច់ខាត។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិជ្ជាជីវៈ​នៃ​សាកលវិទ្យាល័យ​ធនធាន​មនុស្ស នា​ថ្ងៃ​ចន្ទ ទី​២០ កុម្ភៈ នេះ លោក ហ៊ុន សែន អះអាង​ថា ការ​បិទ​សារព័ត៌មាន VOD នេះ មិន​បាន​សម្លាប់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នោះ​ទេ ផ្ទុយទៅវិញ​ការ​បិទ​នេះ គឺ​បាន​ជួយ​លើក​កម្ពស់​នូវ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​សារព័ត៌មាន​នៅ​កម្ពុជា​ថែម​ទៀត។

លោក​ក៏​បាន​ចោទ និង​ភ្ជាប់​សារព័ត៌មាន វីអូឌី ថា​ជា​របស់​ក្រុម​បក្ស​ប្រឆាំង ទើប​បាន​ជា​ចុះផ្សាយ​សារព័ត៌មាន​វាយប្រហារ​លើ​រូបលោក និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​លោក​នោះ។

ចំពោះ​អតីត​បុគ្គលិក​ដែល​លោក​បាន​បើក​ឱកាស​ឲ្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ហើយ ប៉ុន្តែ​ពួកគេ​នៅ​មិន​ព្រម​ចូល​ទៀត នោះ​លោក​នឹង​រុញ​ទូក​បណ្ដោយ​ទឹក ដោយ​ពួកគេ​នឹង​មិន​មាន​ឱកាស​ទៀត​ទេ ខណៈ​មាន​អតីត​បុគ្គលិក ៨​នាក់​ហើយ​បាន​ទៅ​ដាក់​ពាក្យ​ចូល​ក្របខ័ណ្ឌ​រដ្ឋ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ទទួល​យក​ដោយសារ​ពួកគេ​នៅ​ស្រឡាញ់​អាជីព​សារព័ត៌មាន។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​លុប​អាជ្ញាប័ណ្ណ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ថា​អង្គភាព​សារព័ត៌មាន​មួយ​នេះ​មាន​ចេតនា​មួលបង្កាច់​កូនប្រុស​របស់​លោក​ជុំវិញ​ការ​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ឱ្យ​ប្រទេស​តួកគី និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​របស់​លោក​ជុំវិញ​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ផង​ដែរ។

ក្រោយពី​បិទ​សារព័ត៌មាន​វីអូឌី សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​លោក ហ៊ុន សែន ដោយ​ចាត់ទុក​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ជា​សារព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​គេ ថា​បាន​ប៉ះពាល់​ដល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ សេរីភាព​សារព័ត៌មាន និង​ដំណើរការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ជា​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​រឿង​ដីធ្លី បញ្ហា​បរិស្ថាន សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​បញ្ហា​អយុត្តិធម៌​ដែល​កើតឡើង​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

មាត្រា ១០ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​របស់​កម្ពុជា ចែង​ថា មនុស្ស​មាន​សិទ្ធិ​ទាមទារ​ឱ្យ​មាន​ការ​កែតម្រូវ និង​ការ​ឆ្លើយតប​ពី​អ្នក​ផ្សាយ​ព័ត៌មាន នៅ​ពេល​ដែល​ពួកគេ​យល់​ថា សេចក្ដី​ថ្លែងការណ៍​មួយ​មិន​ត្រឹមត្រូវ ហើយ​អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយតប​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ត្រឹមត្រូវ។ អ្នក​ផ្សាយ​ព័ត៌មាន​ត្រូវ​ឆ្លើយតប​ក្នុង​រយៈពេល ៧​ថ្ងៃ។ ពួកគេ​ក៏​មាន​សិទ្ធិ​ផង​ដែរ​ក្នុង​ការ​ប្ដឹង​ទៅ​តុលាការ​ពី​បទ​បរិហារ​កេរ្តិ៍ និង​បទ​មួលបង្កាច់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស