អ្នកឃ្លាំមើលបញ្ហាសង្គមអំពាវនាវឱ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នខ្ពស់ និងស្នើឲ្យមេដឹកនាំខ្មែរមិនត្រូវធ្វើអាយ៉ងវៀតណាមនោះទេ ប៉ុន្តែត្រូវធ្វើជាមិត្តជាមួយវៀតណាម។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃចន្ទ ទី១៦ ឧសភា ថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក ហ៊ុន សែន បានជួបបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម នៅខេត្តតៃនិញ ប្រទេសវៀតណាម ខណៈលោក ហ៊ុន សែន ជាឪពុកជួបលោក ផាម មិញជីញ (Phạm Minh Chính) នាយករដ្ឋមន្ត្រីវៀតណាម នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោកបន្តថា ក្រោយជំនួបជាមួយមេដឹកនាំវៀតណាមនោះ លោក ហ៊ុន សែន បាននិយាយរឿងព្រំដែន ដែលរឿងនេះពលរដ្ឋខ្មែរត្រូវតែប្រុងប្រយ័ត្នខ្ពស់ ខណៈកន្លងមក រូបលោកមិនដែលឮ ឬឃើញលោក ហ៊ុន សែន និងក្រុមមន្ត្រីរបស់លោកហ៊ានលើកឡើងអំពីតួលេខព្រំដែនណាមួយរវាងកម្ពុជា និងវៀតណាម នៅមុនពេលជួបវៀតណាមនោះទេ។
លោក គឹម សុខ បញ្ជាក់ថា តួលេខនៃការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានលេចធ្លាយពីភាគីវៀតណាម ក្រោយពីមានជំនួបក្រុមលោក ហ៊ុន សែន ជាមួយពួកមេដឹកនាំវៀតណាម។ លោកថា ករណីនេះហាក់ដូចជាឆ្លុះបញ្ចាំងឱ្យឃើញថា វៀតណាមបានហៅក្រុមលោក ហ៊ុន សែន ទៅជួបដើម្បីឱ្យនិយាយទិន្នន័យតាមវៀតណាមកំណត់។
ក្នុងជំនួបរវាងលោក ហ៊ុន សែន ជាមួយភាគីវៀតណាមនៅសហរដ្ឋអាមេរិកនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បន្តសុំលោក ហ៊ុន សែន ជួយពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ អាចរស់នៅដោយស្របច្បាប់។
ការអំពាវនាវរបស់អ្នកវិភាគរូបនេះ ធ្វើឡើងស្របពេលដែលលោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីពេលថ្មីៗនេះថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមកើនឡើងដល់ទៅ ៩០% ហើយនាពេលបច្ចុប្បន្ន ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាដើម្បីបោះបន្តទៀតឱ្យបានរួចរាល់ទាំងស្រុង។
តាមការចុះផ្សាយរបស់សារព័ត៌មាន Viet Nam News ឱ្យដឹងថា ក្នុងជំនួបទ្វេភាគីលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអរគុណរដ្ឋាភិបាលកម្ពុជា និងសុំឱ្យរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់លើសហគមន៍វៀតណាមនៅកម្ពុជា រួមទាំងសុំឱ្យបង្កើតលក្ខខណ្ឌដល់ពួកគេ ដើម្បីឱ្យពួកគេអាចពង្រឹងភាពស្របច្បាប់ និងរក្សាលំនឹងជីវភាពរបស់ពួកគេនៅកម្ពុជា។
នេះមិនមែនជាលើកទីមួយទេដែលវៀតណាមបន្តសុំឱ្យលោក ហ៊ុន សែន ជួយដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅកម្ពុជាដោយខុសច្បាប់នោះ ខណៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាឱ្យដឹងថា ក្រសួងមហាផ្ទៃបានផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនអ្នកដែលមានអាយុ ១៨ឆ្នាំឡើងទៅចំនួនជាង ៦ម៉ឺននាក់ (៦៥១៦៨នាក់)។
ជាមួយគ្នានោះ ក្រសួងបានផ្ដល់ប័ណ្ណបន្តសុពលភាពដែលមានរយៈពេល ២ឆ្នាំម្ដងសរុបជិត ២ម៉ឺនប័ណ្ណ (១៩៥៦១ប័ណ្ណ) ហើយអ្នកដែលក្រសួងផ្ដល់ឯកសារឱ្យនោះ ជាង ៩០% ជាជនជាតិវៀតណាម៕